+855 92 92 1000
Logo
ដីនៅជិតតំបន់អ៊ីអន ៣​ កំពុងត្រូវប៉ាន់សម្រាប់គម្រោងអភិឌ្ឍន៍បុរី និងឃ្លាំង
Updated on: June 6, 2022, 2:20 a.m.
Published on: June 28, 2019, 8:04 a.m.

ដីនៅជិតតំបន់អ៊ីអន ៣​ កំពុងត្រូវប៉ាន់សម្រាប់គម្រោងអភិឌ្ឍន៍បុរី និងឃ្លាំង


ដីនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ

បើទោះបីជាមិនទាន់មានព័ត៌មានច្បាស់ការអំពីទីតាំងពិតប្រាកដរបស់ផ្សារទំនើបអ៊ីអន ៣​ ថានឹងត្រូវសាងសង់នៅកន្លែងណាក៏ដោយ ប៉ុន្តែតម្លៃដីបានហក់ឡើងខ្ពស់ជាលំដាប់បន្ទាប់ពីទទួលបានដំណឹងនៃការវិនិយោគគម្រោងផ្សារដ៏ធំមួយនេះ។ 

លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group បានលើកឡើងថា ការទិញ-លក់មានដំណើរការល្អ ខណៈប្រតិបត្តិការកំពុងកើនឡើងនៅពេលបច្ចុប្បន្ន។  លោក រ៉ាវី បានបញ្ជាក់ថា ការអភិវឌ្ឍន៍ធំៗបានហូរចូលក្នុងតំបន់នេះ ដូចជា ផ្សារអ៊ីអនជាដើម គឺជាផ្នែកមួយដែលបានរុញច្រាន ប្រតិបត្តិការទិញ-លក់​ ជាពិសេសតម្លៃដីឲ្យកើនឡើង។ 

លោកមើលឃើញថាដីធំៗនៅភាគខាងត្បូងទីក្រុងបានក្លាយជាទិសដៅសម្រាប់អ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិសម្រាប់ការសាងសង់ជាគម្រោងគម្រោងបុរី អគារពាណិជ្ជកម្ម រោងចក្រ ឬឃ្លាំងទំនិញ។ 

លោកបានពន្យល់ថាបច្ចុប្បន្ននេះ តំបន់នេះមានហេដ្ឋារចនាសម័ន្ធត្រូវបានអភិវឌ្ឍល្អ ដែលផ្តល់ភាពងាយស្រួលការរស់នៅ និងពាណិជ្ជកម្ម។ ផ្លុវធំៗត្រូវបានកសាងដូចជា ផ្លូវក្រុងវ៉ាត់ក្រុង ផ្លុវជើងឯក ផ្លូវ ៦០ ម៉ែត្រ ផ្លូវជាតិលេខ ២ ដែលនឹងត្រូវកែលម្អបន្ថែម និងផ្លូវ ២១៧ រួមជាមួយគម្រោងព្រលានយន្តហោះថ្មីផងដែរ។ 

លោករ៉ាវី បាននិយាយថា គម្រោងបុរីច្រើនបានអភិវឌ្ឍនៅក្នុងតំបន់នេះ ដូចជាគម្រោងពិភពថ្មី បុរីអាយភី ជាដើម​។ ហើយគម្រោងទាំងនេះបានទទួលការគាំទ្រពីអ្នកទិញក្នុងស្រុកជាច្រើន។ ជាមួយគ្នានេះដែរ  តំបន់នេះមានគម្រោងដីឡូតិ៍មួយចំនួន ដែលអាចរកបានចាប់ពីតម្លៃជាង ២០,០០០ ឡើងទៅ (ទទឹង ៥ ម៉ែត្រ និងបណ្តោយ​​ ២០ ម៉ែត្រ)។

ទាក់ទងនឹងតម្លៃដី យោងតាមរបាយការណ៍តម្លៃដីពាក់កណ្តាលទី១ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានបង្ហាញថាតម្លៃដីនៅក្នុងខណ្ឌដង្កោបានកើនឡើងខ្ពស់លំដាប់ទី២ ក្នុងចំណោមខណ្ឌទាំង ១២ នៅក្នុងទីក្រុងភ្នពេញ ពោលគឺកើនឡើងរហូតដល់ ២៦.៣% ក្នុងនោះដីក្នុងសង្កាត់ដង្កោមានតម្លៃថ្លៃជាងគេ ដែលនៅតាមផ្លូវធំមានតម្លៃមធ្យមចាប់ពី ៧០០ ដុល្លារដល់ ២,២០០ ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកផ្លូវតូចមានតម្លៃចាប់ពី ១២០ ដុល្លារ ដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ។ 

ចំណែក អ្នកនាង រ៉េត មេត្តា ប្រធានផ្នែកលក់របស់គម្រោង Woodland Residence បានឲ្យដឹងថា គម្រោងអ៊ីអន ៣ ថ្មីនឹងជំរុញឱ្យតំបន់នេះមានដង់ស៊ីតេប្រជាជនកើនឡើងកាន់តែច្រើន ហើយនេះជាឱកាសវិនិយោគដ៏ល្អសម្រាប់វិស័យអចលនទ្រព្យ និងវិស័យដ៏ទៃទៀត។ 

អ្នកស្រីមេត្តា ជឿជាក់ថា ការស្វែងរកឱកាសវិនិយោគនៅពេលនេះ នឹងធ្វើឱ្យម្ចាស់អចលនទ្រព្យទទួលបានប្រាក់ចំណូលជាច្រើនពីការជួលអចនលទ្រព្យ ឬផលចំណេញនៅពេលលក់ចេញវិញពេលអនាគត៕​

ស្វែងរកអចលនទ្រព្យសម្រាប់លក់ក្នុងខណ្ឌដង្កោ អចលនទ្រព្យសម្រាប់លក់នៅខណ្ឌមានជ័យនៅថ្ងៃនេះ! 

Comments