+855 92 92 1000
Logo
អ្នកជំនាញ៖ គម្រោង​បុរីថ្មីៗ​​នឹង​មាន​ចម្ងាយ​ជាង ៣០ គី​ឡូ​ម៉ែត្រ​ពី​ភ្នំពេញ ហើយពេលនោះ​ទី​ផ្សារ​ខុន​ដូ​​នឹងកាន់តែត្រូវប៉ាន់
Updated on: June 6, 2022, 5:02 p.m.
Published on: September 23, 2019, 10:00 a.m.

អ្នកជំនាញ៖ គម្រោង​បុរីថ្មីៗ​​នឹង​មាន​ចម្ងាយ​ជាង ៣០ គី​ឡូ​ម៉ែត្រ​ពី​ភ្នំពេញ ហើយពេលនោះ​ទី​ផ្សារ​ខុន​ដូ​​នឹងកាន់តែត្រូវប៉ាន់


អត្ថបទព័ត៌មានOfficials speak at a real estate seminar in Phnom Penh last week

នៅពេល​លោក លី វុទ្ធី សម្រេច​ចិត្ត​​ទិញផ្ទះកាលពី ២ ឆ្នាំមុន លោក​ត្រូវ​បាន​ឪពុកម្តាយបង្អាក់​ទឹក​ចិត្ត​នៅ​ពេល​ដំ​បូង​ ​ដោយ​​​ពួកគេបាន​លើក​ឡើង​ថា​​ផ្ទះ​ដែលលោក​ វុទ្ធី​ ចង់​ទិញ​​មានចម្ងាយ​ឆ្ងាយ​ពី​​ទីប្រជុំជន។

ដោយ​​ចំណាយថវិកាចំនួន ៥៥,០០០ ដុល្លារ លោក​វុទ្ធី អាច​ទិញ​​​ផ្ទះថ្មី​មួយ​​ល្វែងនៅ​ក្នុង​បុរី​មួយ​​ ​​ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ ​លោក វុទ្ធី មិន​ទទួល​បានការ​លើក​ទឹក​ចិត្ត​ពី​ឱ​ពុក​ម្តាយ​នោះ​ទេ តែ​លោក​មាន​ភាព​អត់​ធ្មត់ ហើយ​តាំង​ចិត្ត​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដោ​យ ជឿជាក់ថាតម្លៃនឹងកើនឡើងខ្ពស់ជាងថវិការបស់គាត់នា​ពេល​អន​គត។​

លោកថ្លែង​ថា​៖​​«​វានៅឆ្ងាយបន្តិចប៉ុន្តែខ្ញុំមិនអាចទិញផ្ទះ​នៅកណ្តាលក្រុង​ដោយប្រើ​លុយ​ត្រឹម​ជាង​៥ ម៉ឺន​បាន​ទេ។ ខ្ញុំ​ជឿ​ថា នៅពេលណាដែលយើងមានលទ្ធភាព យើងត្រូវសម្រេច​ចិត្ត​ទិញ​ផ្ទះ​ឲ្យ​បាន​លឿន​​ទោះបីជាវានៅឆ្ងាយបន្តិចក៏ដោយ។ ប្រសិនបើយើងរង់ចាំ យើងនឹងត្រូវ​ទៅកាន់​តែ​ឆ្ងាយ ឬចំណាយកាន់​តែ​ច្រើនជាងនេះ»។​

ពីរឆ្នាំ​ក្រោម​មក​ ការយល់ឃើញ​របស់វុទ្ធីកំពុងតែក្លាយជាការពិត។ តម្លៃផ្ទះនៅជុំវិញផ្ទះ​​របស់គាត់កំពុងកើនឡើងហើយអ្នកអភិវឌ្ឍន៍បុរីកាន់តែច្រើនកំពុងជំរុញឆ្ងាយពីកណ្តាលទីក្រុង។

គម្រោងបុរីបន្តពង្រីកទៅជាយក្រុង

ការ​ពង្រីក​ទី​ក្រុង ការ​កើន​ឡើង​តម្លៃដី​ធ្លី​ និង​ទី​តាំង​ទំ​នេរនៅជាយ​ទី​ក្រុង​​មាន​កាន់​តែតិចកំ​ពុងរុញ​​​គម្រោង​ផ្ទះ​ល្វែងកម្រិត​មធ្យម​​នៅ​តាម​បុរី​ ដែល​កំ​ពុង​ប្រ​មូល​ផ្តុំ​ជុំ​វិញ​​​ភ្នំពេញ​​​នឹងរំ​កិល​ខ្លួនកាន់​តែឆ្ងាយជាង​មុន។ នៅ​ឆ្នាំ២០៣០ ខាង​មុខ គម្រោង​បុរី​ថ្មី​ៗ​អាចនឹង​​មាន​គម្លាត​ដល់ទៅ ៣០ ទៅ ៣៥ គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​​។ នេះបើយោង​តាម​របាយ​ការណ៍​របស់​ VTrust Appraisal។

នាយក​ផ្នែក​ស្រាវ​ជ្រាវ​ក្រុម​ហ៊ុន VTrust Appraisal លោក​ ហ៊ឹម សី​ហា បាន​លើក​ឡើង​ថាគម្រោង​ផ្ទះ​ល្វែង​តាម​បុរី ដែល​មាន​គម្លាត​កាន់​តែ​ឆ្ងាយ​ពី​ទី​ក្រុង​នឹង​ធ្វើ​ឲ្យ​គម្រោង​ខុន​ដូ តម្លៃ​សម​រម្យ​កាន់​តែ​មានតម្រូវ​​​ការ​ ដោយ​សារថា​​គម្រោង​ខុន​ដូមាន​អំ​ណោយ​ផល​សម្រាប់​ទី​ប្រ​ជុំ​ជន​​ដោយ​សារ​ត្រូវ​ការ​ទំ​ហំ​ដី​តូច​ល្មម។

លោក​ថ្លែង​ថា​៖​«​ការកើន​ឡើង​ថ្លៃដី​ធ្លី​នៅ​ជាយ​ភ្នំ​ពេញ​ បាន​កំពុងជំរុញឱ្យគម្រោងបុរីថ្មីៗ​ត្រូវបានអភិវឌ្ឍកាន់តែឆ្ងាយ»។ លោក​បន្ត​ថា​៖​«​នា​ពេល​ខាង​មុខ គឺមាន​តែ​គម្រោង​ខុន​ដូ​ប៉ុណ្ណោះ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង។​ ដូច្នេះ​ អ្នក​ដែល​ចង់​មាន​ទី​តាំង​រស់​នៅ​កណ្តាល​ក្រុង​នឹង​ត្រូវ​ជ្រើស​រើស​យក​ការរស់​នៅ​តាម​ខុន​ដូ​ជា​ជាង​ទិញ​ផ្ទះ​តម្លៃមធ្យ​ម​តាម​បុរី​ដែល​មាន​ទី​តាំង​ឆ្ងាយ​ពី​ទី​ក្រុង​ដល់​ទៅ ២៥ គីឡូ​ម៉ែត្រ​ ឬ ៣៥ គី​ឡូ​ម៉ែត្រ»។

គម្រោងបុរីជាច្រើនកំពុងត្រូវបានអភិវឌ្ឍនៅតំបន់ខាងក្រៅទី​ប្រ​ជុំ​ជន​ក្នុង​ទី​ក្រុង​រួច​ទៅ​ហើយ​។ គម្រោង​ បុរី The Flora ស្ថិតនៅចម្ងាយប្រហែល ១៧ គីឡូម៉ែត្រពីវត្តភ្នំ។ ទន្ទឹមនឹងនេះបុរីពិភព​​ថ្មីកំពុងសាងសង់គម្រោងជាច្រើនដែលគម្រោងទាំងអស់មានចម្ងាយ ១០ គីឡូម៉ែត្រ ឬច្រើនជាងនេះ។​

លោក ច្រឹ​ក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថាលោករំពឹងថាទំហំគ្រួសារជាមធ្យមនៅភ្នំពេញប្រហែល ៤ ទៅ ៥ នឹងធ្លាក់ចុះនាពេល​ខាង​មុខ។

ការផ្លាស់ប្តូរពីលំនៅដ្ឋានជាប់ដីទៅខុនដូ

លោកថ្លែង​​ថា៖​«​នាពេលអនាគត ទំ​ហំគ្រួសារ​ជាមធ្យមនឹងមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ​។ ក្មេង​ជំនាន់ក្រោយមិនចង់រស់នៅកន្លែងដែលមានមនុស្សច្រើនទេ ហើយពួកគេនឹងផ្លាស់ប្តូរពីផ្ទះបែបប្រពៃណី [បុរី] ទៅខុនដូវិញ»​។

យោងតាមរបាយការណ៍របស់ VTrust Appraisal ភ្នំពេញ ២០៣០ រាជធានីភ្នំពេញនឹងមានការកើនឡើងជាលំដាប់នៃការផ្គត់ផ្គង់​ខុនដូក្នុងរយៈពេល ១០ ឆ្នាំខាងមុខដែលឈានដល់ ២៩៥,០០០ យូ​នីត​​នៅចុងទសវត្សរ៍នេះ។ ចំ​នួន​នេះស្មើរ​នឹង​កា​រកើនឡើង ៥ ដងពី​ចំ​នួន​​ឆ្នាំ ២០១៨ នៅពេលដែលមានខុនដូចំនួនជាង ៦១,០០០ នៅក្នុងរាជធានី។

របាយការណ៍ដដែលបានព្យាករណ៍ថាផ្ទះល្វែង​តាម​បុរី​​នឹងកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំទៀតពីប្រមាណ ១៥០,០០០ នៅចុងឆ្នាំ ២០១៨ ដល់ប្រហែល ៤៥០,០០០ នៅឆ្នាំ២០៣០។

ដោយឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ លោក វុទ្ធី ​ក្នុងការទិញផ្ទះមួយដែលកាលពី ២ ឆ្នាំមុន លោកវុទ្ធី ហាក់​រីករាយដែលគាត់បានទិញទ្រព្យសម្បត្តិនា​ពេល​នោះ។​

លោក​បន្ត​ថា​៖​«​ទៅ​អនាគតទៅ ផ្ទះថ្មីនឹងកាន់តែឆ្ងាយ​ពីទីក្រុង ហើយបើយើងស្ទាក់ស្ទើរក្នុងការទិញយើងនឹងត្រូវទៅកាន់​តែ​ឆ្ងាយ ឬក៏​បង្ខំ​ចិត្ត​ទិញខុនដូទោះ​មាន​ទំ​ហំ​តូច»៕ 

ស្វែងរកអចលនទ្រព្យនៅភ្នំពេញខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ! 

ចុះឈ្មោះចូលរួមដោយសេរី

Comments