+855 92 92 1000
Logo
អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងមើលការដំឡើងថ្លៃអចលនទ្រព្យក្នុងឆ្នាំ២០២២
Updated on: June 7, 2022, 4:50 a.m.
Published on: November 30, 2021, 6:40 a.m.

អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងមើលការដំឡើងថ្លៃអចលនទ្រព្យក្នុងឆ្នាំ២០២២


អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងស្វែងរកការកើនឡើងតម្លៃបន្តិចម្តងៗក្នុងរយៈពេល12ខែ បន្ទាប់ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា ។ ការបើកសេដ្ឋកិច្ចឡើងវិញនេះស្ថិតក្រោមវិធានការថ្មីនៃការរស់នៅជាមួយនឹងកូវីដ១៩អមដោយតម្រូវការជាក់ស្តែង ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយមុនគេក្នុងតំបន់ដែលបើកដំណើរការឡើងវិញ ។

ថ្ងៃនេះ Realestate.com.kh នឹងលើកបង្ហាញអំពីការយល់ឃើញរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនដើម្បីវាយតម្លៃការឆ្លើយតបរបស់ពួកគេចំពោះការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា និងការកើនឡើងតម្លៃអចលនទ្រព្យនៅឆ្នាំ 2022 ។

Wayne Wang សហស្ថាបនិកក្រុមហ៊ុន LumiArch Global ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននៅពីក្រោយការអភិវឌ្ឍន៍គម្រោង Le Condé BKK1 បាននិយាយថា ៖«ខ្ញុំគិតថាអ្នកអភិវឌ្ឍន៍ភាគច្រើននឹងដំឡើងតម្លៃនៅពេលដែលការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ» ។ Wayne បានកត់សម្គាល់ថា ៖«អ្នកអភិវឌ្ឍន៍ជាច្រើនបានធ្វើផែនការរួចហើយ ហើយបានពិភាក្សាយ៉ាងយកចិត្តទុកដាក់នៅពេលដែលពួកគេគួរតែដំឡើងតម្លៃ ។ ទោះបីជាអ្នកអភិវឌ្ឍន៍កំពុងស្វែងរកការបង្កើនតម្លៃក៏ដោយ ក៏ពួកគេនឹងមិនដំឡើងវាក្នុងរយៈពេលខ្លីនោះទេ» ។

សហស្ថាបនិកខាងលើបានបន្តថា ៖ «ខ្ញុំជឿថា 15% ទៅ 20% គឺជាអ្វីដែលអ្នកអភិវឌ្ឍន៍ភាគច្រើននឹងធ្វើ ។ ណាមួយដែលទាបជាង 10% ស្ទើរតែកាត់បន្ថយសម្ពាធដែលអ្នកអភិវឌ្ឍន៍កំពុងជួបប្រទះ ។ ម្យ៉ាងវិញទៀត ការកើនឡើងច្រើនពេកនឹងធ្វើឱ្យការលក់ថយចុះ និងកាត់បន្ថយភាពប្រកួតប្រជែងរបស់គម្រោង» ។

Wayne Wang ក៏បានកត់សម្គាល់ផងដែរថា ៖«ក្រៅពីអតិថិជនអន្តរជាតិមិនអាចទាក់ទងបាន មានហេតុផលពីរផ្សេងទៀតសម្រាប់ការធ្លាក់ចុះតម្លៃ មួយគឺថាអ្នកអភិវឌ្ឍន៍ក៏ស្ថិតក្នុងការប្រកួតប្រជែងដ៏តឹងតែងពីគ្នាទៅវិញទៅមកដើម្បីទាក់ទាញអ្នកទិញខ្មែរក្នុងស្រុកកាន់តែច្រើន។ មធ្យោបាយទូទៅបំផុតនៃការធ្វើទីផ្សារទៅកាន់អ្នកស្រុកគឺការបញ្ចុះតម្លៃ ដូច្នេះហើយទើបធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ ។ ជាមួយគ្នានេះគម្រោងមួយចំនួនដែលជិតដល់ការប្រគល់ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដូចជាការទម្លាក់តម្លៃ ដែលមានបំណងនាំទៅរកការលក់កាន់តែច្រើន» ។

លោក Ethan Liu នាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន Vue Aston បានមានប្រសាសន៍ថា ៖«ការកើនឡើងតម្លៃត្រូវបានរំពឹងទុក ។ ភ្នំពេញជាតំបន់ដែលមានការអភិវឌ្ឍន៍លឿនទាក់ទាញអ្នកវិនិយោគបរទេស ។ ទីផ្សារធំកំពុងកើនឡើងរួចហើយ ហើយអ្នកអភិវឌ្ឍន៍មួយចំនួននឹងកែសម្រួលតម្លៃធ្លាក់ចុះត្រឡប់ទៅតម្លៃមុនការរាតត្បាត» ។

លោកបន្តថា ៖«យើង​មាន​ទំនុក​ចិត្ត​ថា​ការ​កើន​ឡើង​ជា​មធ្យម​នឹង​មាន​ច្រើន​ជាង ៧% ។ វានឹងកាន់តែងាយស្រួលសម្រាប់គម្រោងដែលបានសម្របខ្លួនទៅនឹងតម្រូវការក្នុងស្រុកដើម្បីទាក់ទាញវិនិយោគិនបរទេស ។ អ្នកអភិវឌ្ឍន៍ត្រូវកែសម្រួលយុទ្ធសាស្រ្តលក់ និងទីផ្សាររបស់ពួកគេ ដើម្បីបំពេញតាមចំណូលចិត្តក្នុងស្រុកក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ ។ នេះគឺជាបញ្ហាប្រឈមមួយសម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើនដែលមានអ្នកទិញបរទេសនៅពេលពួកគេចូលទីផ្សារ» ។

Riya Kim ជំនួយការផែនការសម្រាប់ La Vista One ដែលជាគម្រោងអភិវឌ្ឍន៍ថ្មីនៅជ្រោយចង្វា បានឱ្យដឹងថា ៖«តម្លៃលំនៅដ្ឋានបានមើលឃើញនិន្នាការធ្លាក់ចុះដោយសារតែទីផ្សារក្នុងស្រុកភាគច្រើនមានបញ្ហាហិរញ្ញវត្ថុ និងប្រាក់ចំណូលក្នុងអំឡុងពេលជំងឺរាតត្បាត ។ អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​មិន​ចង់​ចំណាយ​ក្រៅ​ពី​តម្រូវការ​មូលដ្ឋាន​នោះ​ទេ» ។

សហស្ថាបនិកក្រុមហ៊ុន LumiArch Global ក៏បានកត់សម្គាល់បន្ថែមផងដែរថា ការបន្ធូរបន្ថយការរឹតត្បិត និងការបើកសេដ្ឋកិច្ចឡើងវិញគឺជារឿងមួយ ប៉ុន្តែការនាំយកទំនុកចិត្តត្រឡប់ទៅទីផ្សារវិញគឺជារឿងមួយផ្សេងទៀត ។ មានកត្តាផ្សេងទៀត ខណៈដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងតែសម្លឹងមើលការឡើងថ្លៃនៃអចលនទ្រព្យ នៅពេលដែលទីផ្សារចាប់ផ្តើមឡើងវិញនៅក្រោមវិធានការការពារថ្មីពីជំងឺរាតត្បាតកូវីដ១៩របស់កម្ពុជា ៕

Comments