+855 92 92 1000
Logo
​​ ប្រធានសមាគម CVEA​ ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​សិន្និសីទ​ស្ដីពី​អចលនទ្រព្យ​នៅ​សហរដ្ឋ​អាមេរិក
Updated on: May 30, 2022, 10:31 p.m.
Published on: November 7, 2019, 4:07 a.m.

​​ ប្រធានសមាគម CVEA​ ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​សិន្និសីទ​ស្ដីពី​អចលនទ្រព្យ​នៅ​សហរដ្ឋ​អាមេរិក


អត្ថបទព័ត៌មានសមាជិក cvea នៅព្រលានយន្តហោះភ្នំពេញ

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំគណៈប្រតិភូ ជាង ២០ នាក់ ទៅចូលរួមសិន្និសីទ និងពិព័រណ៌ The Realtors Conference & Expo 2019 ដែលរៀប​ចំឡើងដោយសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យ (NAR) របស់សហរដ្ឋអាមេរិក ដែល​នឹងប្រពឹត្តិទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ការថ្លែងនេះត្រូវបានធ្វើឡើងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែ វិច្ចិកា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំជាមួយ NAR  គឺដើម្បីចែករំលែកពីសក្តានុពល សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។​លោកថា នេះជាលើកមួយហើយ ដែលផ្តល់ឱកាសដល់កម្ពុជាអាចឡើងនិយាយលើវេទិកាអន្តរជាតិដ៏ធំបែបនេះ ខណៈកាលពីពេលកន្លងមក កម្ពុជាគ្រាន់តែមានឈ្មោះថាជាអ្នកចូលរួមតែប៉ុណ្ណោះ ហើយនេះជាមោទកភាពមួយ ដែលធ្វើឱ្យកម្ពុជាកាន់តែមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានឱ្យដឹងបន្តថា អ្វីដែលនឹង​រៀន​សូត្រ​បាន​កិច្ចប្រជុំនេះ គឺផ្តោតលើប្រធានបទរួមមាន៖  ការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងការធ្វើជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យ ឬជាអ្នកគ្រប់គ្រងក្រុមហ៊ុន ការនិយាយពីធុរកិច្ច មានន័យថាការណែនាំពីអ្នកទិញអ្នកលក់ នៅលើបណ្តាប្រទេសលើពិភពលោក ការចែករំលែកពីបច្ចុប្បន្នភាពទីផ្សារលើពិភពលោក នៅក្នុងប្រទេសបណ្តាតំបន់អាស៊ាន ឬក៏នៅក្នុងប្រទេសអឺរ៉ុប ការនិយាយអំពីលទ្ធផលដែលគេសម្រេចបាន ដូចជាការរាយការណ៍ពីទិន្នន័យ នៃការលក់អចលនទ្រព្យទូទាំងពិភពលោកមានចំនួនប៉ុន្មានលានដុល្លារអាមេរិកជាដើម។

បន្ថែមពីនេះ ទន្ទឹមនឹងចំណេះដឹងដែលអាចរៀនសូត្របានពីកិច្ចប្រជុំនាសហរដ្ឋអាមេរិកនោះដែរ ក្នុងនាមលោកជាប្រធានសមាគម ហើយត្រូវជាតំណាងកម្ពុជាធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផងនោះ លោកនឹងនាំយកចំនុចសំខាន់ធំៗចំនួន៣ ទៅធ្វើបទបង្ហាញនាឪកាសនោះ ដូចជា៖ 

  • ចំណុចទី១៖ កម្ពុជាមានកម្រិត GDP ខ្ពស់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺ ៧.៥% 
  • ចំណូចទី២៖ វិស័យអចលនទ្រព្យកម្ពុជា ១៥% ក្នុងមួយឆ្នាំ និង
  • ចំណុចទី៣៖ ស្ថានភាពនយោបាយរបស់រឹងមាំរបស់កម្ពុជា។

ក្រៅ​ពី​អ្នក​អចលនទ្រព្យ​កម្ពុជា អាច​ពង្រឹង​ជំនាញ​និង​សមត្ថភាព​របស់​ខ្លួន​ហើយ​នោះ​ សមាគម​អ្នក​វាយ​តម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា អះអាងថាកម្មវិធី​នេះក៏​នឹង​ជួយ​បង្កើន​ទំនាក់​ទំនង​ ទាក់​ទាញ​អ្នកវិយោគ​អន្តរជាតិ ​ដើម្បី​ឈាន​ទៅ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​ និង​ល្បីឈ្មោះ​លើ​ទីផ្សារ​អន្តរជាតិ​៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់អចលនវត្ថុ

Comments