+855 92 92 1000
Logo
ច្បាស់ការហើយ ! ផ្លូវល្បឿនលឿនទី២តម្លៃ១៤០០លានដុល្លារនឹងបើកការដ្ឋានសាងសង់ក្នុងខែមិថុនាខាងមុខ
Updated on: April 24, 2023, 7:21 a.m.
Published on: April 21, 2023, 4:42 a.m.

ច្បាស់ការហើយ ! ផ្លូវល្បឿនលឿនទី២តម្លៃ១៤០០លានដុល្លារនឹងបើកការដ្ឋានសាងសង់ក្នុងខែមិថុនាខាងមុខ


គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាគម្រោងមានសារសំខាន់ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងពិធីសម្ពោធបើកប្រើប្រាស់​ជាផ្លូវការមណ្ឌល​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអះអាងថា៖ «នេះជាមោទកភាពជាតិយើងដែលមានផ្លូវល្បឿនលឿនទី១ ហើយឥឡូវមានទី២ទៀត ដោយសារអ្នកវិនិយោគហ្នឹងគេទុកចិត្តលើរាជរដ្ឋាភិបាលក្រោមការដឹកនាំឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន គេយកលុយគេ១៤០០លាន យកលុយដុំដាក់វិនិយោគយកលុយរាយវិញ គេទុកចិត្តយើងណាស់ បើប្រទេសយើងគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ គេអត់យកលុយ ១៤០០លានដុល្លារមកដាក់នៅកម្ពុជាទេកុំឆ្ងល់» ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាលនផ្តល់សិទ្ធិឱ្យក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាដើម្បីចាប់ផ្តើមការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យបានឆាប់ ។

បើតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុន China Railway International Group បានឱ្យដឹងថា យោង​តាម​ទីតាំង​ភូមិសាស្ត្រ និង​ផល​ប៉ះពាល់ ផ្លូវ​នេះ​នឹង​ត្រូវ​រចនា​ក្នុង​ល្បឿន​អតិបរមា១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ស្រប​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​កម្ពុជា និង​វៀតណាម ។

ក្រសួងសាធារណការធ្លាប់បានប្រកាសថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ។ គម្រោងនេះ រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។

តាមរយៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ព្រំដែនវៀតណាមនេះដែរ នាពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បង្ហាញក្ដីរំពឹងថា ផ្លូវល្បឿនលឿនទី២នេះនឹងក្លាយជាកត្តាជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាពិសេសធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និងវៀតណាមតាមរយៈការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការឆ្លងកាត់ព្រំដែនថែមទៀត ៕

Comments