+855 92 92 1000
Logo
ប្រតិបត្តិការទិញ-លក់ និងជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ
Updated on: June 4, 2022, 5:48 a.m.
Published on: August 14, 2019, 9:18 a.m.

ប្រតិបត្តិការទិញ-លក់ និងជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ


លំហូរនៃការវិនិយោគជំរុញដល់សកម្មភាពអភិវឌ្ឍគម្រោងធំៗនៅក្នុងទីក្រុងឲ្យពុះកញ្ជោលឡើងខ្លាំងក្នុងឆ្នាំបន្តបន្ទាប់ក្នុងរយៈជិតមួយទស្សវត្សរ៍ចុងក្រោយ។ ត្រឹមឆមាសទី១ ឆ្នាំ២០១៩ គម្រោងដែលមានទឹកប្រាក់វិនិយោគចំនួន ៥.២ ពាន់លានដុល្លារត្រូវបានអនុម័ត។ ចំនួននេះកើនឡើង ៤៨.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ 

ជាការពិតណាស់ កំណើនសកម្មភាពវិនិយោគបែបនេះ វាបញ្ជាក់ថាវិនិយោគិនមើលឃើញពីសក្តាពលនៃតម្រូវការអចលនទ្រព្យ ឬអាចនិយាយបានថាវិសាលភាពនៃការទិញ-លក់ និងជួលអចលនទ្រព្យ នៅក្នុងប្រទេសកំពុងមានដំណើរការប្រសើរឡើងជាងមុន។ 

លោក ឡុង គឹមសួគ៌ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property ដែលជាក្រុមហ៊ុនផ្តោតលើទិញ-លក់ និងជួលនៅក្នុងក្រុងបានឲ្យដឹងថា ការទិញលក់អចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនៅពេលបច្ចុប្បន្នមានដំណើរប្រសើរឡើងជាបន្តបន្ទាប់។ លោកមើលឃើញថា អ្នកទិញមកក្រៅប្រទេសបានបន្តហូរចូលមកកម្ពុជារួមមាន ចិន កូរ៉េ សិង្ហបុរី និងអឺរ៉ុបជាដើម។ ចំណែកអ្នកក្នុងស្រុកក៏មានតម្រូវការកាន់តែច្រើន។ 

ការទិញលក់អចលនទ្រព្យមិនទៀតទាត់

ទោះយ៉ាងណាលោកកត់សម្គាល់ឃើញថាការទិញលក់ ឬជួលពីអតិជនថិជនមិនមែនតែងតែកើនឡើងជានិច្ចនោះទេ។ មានន័យថាការឡើងចុះគឺអាស្រ័យទៅតាមកត្តាជះឥទ្ធិពលផ្សេងៗ។  

លោក បញ្ជាក់បន្ថែមថា ជាក់ស្តែងនៅរយៈពេលចុងក្រោយ ការជួលអចលនទ្រព្យហាក់ថមថយបន្តិច [សម្រាប់ក្រុមហ៊ុនរបស់លោក] ដោយលោកបានពន្យល់ថាប្រការនេះប្រហែលអាចបណ្តាលមកពីកត្តាតម្លៃ ជួលថ្លៃនៅក្នុងក្រុង ខណៈអ្នកស្នាក់នៅជាជនជាតិបរទេស ពិសេសប៉ែកអឺរ៉ុបបានធ្លាក់ចុះ។ 

លោកគឹមសួគ៌ជឿថាការទិញលក់ និងជួលកើនឡើង ឬថយចុះ [មិនទៀតទាត់] វាជានិន្នាការទូទៅនៅ ក្នុងទីផ្សារ។​ លើកឡើងជាគោលការណ៍រួមលោកគឹមសួគ៌បានបង្ហាញពីមូលហេតុសំខាន់ៗមួយចំនួន ដែលមានជះឥទ្ធិពលលើប្រតិបត្តិការទីផ្សារ ដូចជា កត្តានយោបាយ និងសេដ្ឋកិច្ច ដែលជារឿងត្រូវយកបានចិត្តទុកដាក់ខ្ពស់ពីអ្នកវិនិយោគ និងអ្នកទិញអចលនទ្រព្យ។

បើនិយាយដោយចំពោះវិញ គម្រោងនីមួយៗ អាចទទួលបានអ្នកទិញ-ជួលច្រើន ឬ​តិចអាស្រ័យទៅលើ ទីតាំង ឬតំបន់វិនិយោគថាឆ្ងាយ ឬជិតក្រុង ការហូរចូលគម្រោងថ្មីៗ ដែលបន្ថែមការផ្គត់ផ្គង់ ផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកទិញ និងការអភិវឌ្ឍន៍ធំ ដែលមានឥទ្ធិពលស្រូបយកចំនួនប្រជាជន [តួយ៉ាងផ្សារអ៊ីអន]។ នេះជាការបញ្ជាក់របស់លោក គឹមសួគ៌។ 

អ្នកស្រី តាំង ហួរ ជានាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ក៏មើលឃើញប្រហាក់ ប្រហែលនឹងលោក គឹមសួគ៌ដែរ។ អ្នកស្រីនិយាយថាបើមើលជារួមការទិញលក់​ និងជួលនៅក្នុងក្រុង នៅពេលបច្ចុប្បន្នបានថយចុះបន្តិចធៀបនឹងឆ្នាំមុន។ ហើយការបន្ថែមចំណែកទីផ្សារ[ កាផ្គត់ផ្គង់]កាន់ តែច្រើនអាចមូលហេតុចម្បងមួយ ធ្វើឲ្យការទិញលក់​ និងជួលអចលនទ្រព្យនីមួយៗ នៅក្នុងក្រុងថយចុះ។ 

ទោះយ៉ាងណាសម្រាប់ក្រុមហ៊ុនរបស់លោកស្រី ប្រតិបត្តិការនៅតែមានដូចធម្មតា និងពេលខ្លះមិនអាចរកអចលនទ្រព្យបានតាមតម្រូវការនោះទេ។ អ្នកស្រីលើកឡើងថា “មានអតិថិជនស្វែងរកអចលនទ្រព្យនៅក្នុងក្រុងជាដីធំៗនៅតំបន់បឹងកេងកង១ ទន្លេបាសាក់ ផ្លូវមុនីវង្ស និងជិតសណ្ឋាគារណាហ្គាវើលជាដើម ប៉ុន្តែខ្ញុំមិនមានដីអោយអតិថិជនទេ ម្យ៉ាងទៀតដីក្នុងក្រុងក៏ មានតម្លៃថ្លៃខ្ពស់គួរសមដែរ។”  

ស្របពេលប្រតិបត្ដិការហាក់ថយចុះបន្តិចនៅក្នុងក្រុង ប៉ុន្តែនៅក្រៅក្រុងវិញ ការទិញលក់នៅតែមាន ច្រើន។ អ្នកស្រីតាំងហួរ មើលឃើញថាគម្រោងបុរី វីឡា ផ្ទះអាជីវកម្មនៅតាមជាយក្រុងកំពុងត្រូវប៉ាន់។ តម្រូវការសម្រាប់ផ្ទះទាំងនេះនៅមានអតិថិជនទិញយ៉ាងផុសផុល ពិសេសតាមរយៈផែនការបង់រំលស់ ផ្ទាល់ជាមួយគម្រោង វាជាកត្តាជំរុញដល់ការទិញលក់ឲ្យកាន់តែប្រសើរឡើងនៅពេលបច្ចុប្បន្ននេះ៕ 

 ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ! 

Comments