+855 92 92 1000
Logo
លោក​ ខន គង្គារ៖ ៦ ចំណុចជំរុញវិនិយោគបរទេសឲ្យវិនិយោគនៅកម្ពុជា
Updated on: May 9, 2022, 6:02 a.m.
Published on: August 19, 2019, 4:51 a.m.

លោក​ ខន គង្គារ៖ ៦ ចំណុចជំរុញវិនិយោគបរទេសឲ្យវិនិយោគនៅកម្ពុជា


khorn Kungkea is doing presentation

អ្នកជំនាញនៅតែមើលឃើញ និងជឿជាក់លើភាពរីកចម្រើន និងសក្តានុពលដ៏ធំធេងនៃវិស័យខុនដូនៅកម្ពុជា។ បើតាមលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា ដំណើរការវិនិយោគក្នុងវិស័យខុនដូកំពុងតែដំណើរការល្អប្រសើរព្រោះថាទីផ្សារនេះទើបតែចាប់ផ្តើមឡើងតែប៉ុណ្ណោះ​ បើធៀបនឹងប្រទេសក្នុងតំបន់គឺថាដើរក្រោយថៃ ៣០ ឆ្នាំ និងរហូតដល់ ៥០ ឆ្នាំក្រោយសិង្ហបុរី។ 

នៅក្នុងយុទ្ធនាការផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិ លោកគង្គារតែងតែទទួលបានអ្នកវិនិយោគជាច្រើននាក់ចាប់អាម្មណ៍វិនិយោគនៅកម្ពុជា។ តាមការអះអាងរបស់លោកទុនវិនិយោគរាប់លានដុល្លារបានហូរចូលក្នុងទីផ្សារកម្ពុជា។​ 

តើអ្វីជាចំណុចគន្លឹះដែលធ្វើឲ្យវិនិយោគិនហានបោះទុននៅកម្ពុជា? 

តាមការលើកឡើងរបស់លោកគង្គារ នៅពេលនិយាយពីកម្ពុជា លោកបានបង្ហាញពីភាពខ្លាំង ៦ ចំណុចទៅកាន់វិនិយោគិនបរទេស ហើយនេះជាចំណុចសក្តានុពលក្នុងការទាក់ទាញលំហូរ វិនិយោគមកកាន់កម្ពុជា។  ចំណុចទាំងនេះមានដូចជា៖ 

១. គោលនយោបាយរដ្ឋាភិបាល

រដ្ឋាភិបាលកម្ពុជា បង្កើតគោលនយោបាយដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យគ្រប់គ្រងក្រុមហ៊ុន១០០% តែម្តង  ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។ 

២. ផលិតផលផលិតក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជា

ប្រទេសកម្ពុជាមានកំណើន GDP ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក និងជាប្រទេសដែលមានកំណើតសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី។ លើសពីនេះទៅទៀត កម្ពុជាក៏អាចរក្សាកំណើនសេដ្ឋកិច្ចចំនួន ៧% រយៈពេល ៦ ឆ្នាំជាប់គ្នា។

៣. ស្ថេរភាពនយោបាយ

បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានលក្ខណៈស្ថេរភាពជាងគេ ដោយសារតែក្នុងរយៈពេល ៣០ ឆ្នាំនេះ យើងមិនមានការផ្លាស់ប្តូររបបទេ។

៤. ចំនួនប្រជាជន

កម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញ​ក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួមចំណែកក្នុងការធ្វើឲ្យវិនិយោគិនពិចារណាពីកម្ពុជា។ 

៥. តម្លៃអចលនទ្រព្យ

ចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើនឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិតខាងតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ ជាក់ស្តែង ខុនដូនៅសិង្ហបុរីមានតម្លៃ ១៦,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារ/ម៉ែត្រការ៉េ។ ខុនដូនៅវៀតណាម មានតម្លៃចាប់ពី ៣,៥០០ ​ទៅ ៥,០០០ដុល្លារ។ នៅភូមា មានតម្លៃពី ៣,៤០០ដុល្លារឡើងទៅ និងថៃមានតម្លៃមធ្យមចាប់ពី ៥,០០០ ដុល្លារ ឡើងទៅ។ ប៉ុន្តែនៅកម្ពុជា ខុនដូមានតម្លៃចាប់ពី ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។

៦. អតិផរណា

បើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាងប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះ សម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាសល្អសម្រាប់វិនិយោគនៅប្រទេសកម្ពុជា។

ដោយមើលឃើញចំណុចសក្តានុពលទាំងនេះនៅក្នុងទីផ្សារកម្ពុជា លោកគង្គារ ជឿជាក់ថា​ឱកាសវិនិយោគនៅកម្ពុជានៅមានរយៈពេលវែង ពោលគឺពី ៣០ ទៅ ៥០ ឆ្នាំទៅមុខទៀត។ បើពិនិត្យពីផលចំណេញវិញ អ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញពីការកើនឡើងតម្លៃពី ១៥% ទៅ ២៥% ក្នុងមួយឆ្នាំ។ ចំណែកផលចំណេញពីការវិនិយោគ (Return On Investment ) គឺអាចទទួលបានកាន់តែខ្ពស់ ដោយសារតាមរយៈរូបមន្តនៃការបង់ប្រាក់មុនគម្រោង៕ 

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ! 

Comments