+855 92 92 1000
Logo

Editorial content

ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តទិញផ្ទះបុរីក្នុងប្រទេសកម្ពុជា
Updated on: June 7, 2022, 6:11 a.m.
Published on: May 15, 2017, 8:54 p.m.
Home & Living
Property Buyers & Sellers Advice

ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តទិញផ្ទះបុរីក្នុងប្រទេសកម្ពុជា


វិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនៅក្នុងប្រទេសកម្ពុជា។ ការរីកចម្រើននេញបានបើកមុខទីផ្សារថ្មីសម្រាប់គម្រោងលំនៅដ្ឋាននៅទូទាំងប្រទេស។ ខណៈគម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗត្រូវបានគេដាក់ផ្សព្វផ្សាយ​ជាចំណងជើងធំៗនៅលើព័ត៌មានប្រចាំថ្ងៃរបស់កម្ពុជា ជនបរទេសបានដឹងតិចតួចប៉ុណ្ណោះអំពីការអភិវឌ្ឍ បុរីនៅកម្ពុជា។ 

បុរីគឺលំនៅដ្ឋានបែបសហគមន៍ដែលមានការពេញនិយមខ្លាំងនិងបានកំពុងវ៉ាដាច់ទីផ្សារខុនដូ នេះបើនិយាយពីប្រជាប្រិយភាពក្នុងចំណោមប្រជាជនកម្ពុជាមានជីវភាពថ្នាក់កណ្តាលដែលកំពុងមានការកើនឡើង។

កាលពីចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Knight Frank បានរកឃើញថាមានបុរីចំនួន ១២៦ គម្រោងដែលមានផ្ទះសរុបចំនួន  ៤៦,១៩៧ ខ្នង។ ចំនួននេះបានកើនឡើងដល់ ៥១,២៧៨ ខ្នងក្នុង ចំណោមបុរីទាំងអស់ ១៣១ គម្រោង នៅត្រឹមឆមាសទីមួយនៃឆ្នាំ២០១៩ ។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈគម្រោងអភិវឌ្ឍបុរីថ្មីចំនួន ១៨ ផ្សេងទៀតត្រូវបានបើកដំណើរសាងសង់នៅក្នុងរយៈពេលដូចគ្នានេះ។ បុរីថ្មីៗទាំង១៨ នេះបានលក់អស់ប្រមាណ ៤៤% រួចរាល់ហើយ។ 

អ្វីទៅជាបុរី ហើយ កត្តាអ្វីខ្លះធ្វើឲ្យបុរីមានប្រជាប្រិយភាពបែបនេះ?

បុរីគឺលំនៅដ្ឋានបែបសហគមន៍ប្រកបដោយលក្ខណៈពិសេសមួយដែលបង្ហាញពីប្រភេទលំនៅដ្ឋានជាច្រើនដែលមានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា។ ប្រភេទទាំងនេះអាចមានដូចជា៖ ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងផ្ទះល្វែងជាដើម។ ប្រភេទលំនៅដ្ឋានខុសៗគ្នាទាំងនេះផ្តល់ជូននូវជម្រើសល្អច្រើនយ៉ាងទាក់ទងនឹងចំនួនជាន់ ចំនួនបន្ទប់ និងតម្លៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុសៗគ្នារបស់អ្នកទិញទាំងលក្ខណៈ គ្រួសារ និងអាជីវកម្ម។

ដោយសារបុរីត្រូវបើប្រាស់ទីធ្លាធំទូលាយ ទីធ្លានៅក្នុងគម្រោងអភិវឌ្ឍអាចនឹងត្រូវបាន បម្រុងទុកសម្រាប់ធ្វើជា ឧទ្យាន សួនកុមារ ផ្សារ និងហាងលក់រាយ។ លំនៅដ្ឋានបែបសហគមន៍នេះក៏មានបំពាក់នូវប្រព័ន្ធការពារសន្តិសុខ ២៤/៧​ ដោយរួមមានទាំងបុគ្គលិកសន្តិសុខផងដែរ។ 

តើត្រូវទិញបុរីនៅកន្លែងណាក្នុងប្រទេសកម្ពុជា? 

យោងតាមជំរឿនប្រជាជននៅឆ្នាំ២០១៩ ប្រជាជនកម្ពុជាជាង ២,០០០,០០០ នាក់ រស់នៅក្នុង រាជធានីភ្នំពេញ។ កត្តានេះធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុង ដែលមានប្រជាជនច្រើនបំផុត ហើយក្នុងលំនាំដូចគ្នានេះ ការអភិវឌ្ឍបុរីភាគច្រើនកំពុងរីកដុះដាលនៅកម្ពុជា។

ប្រហែលជា ៩៥% នៃការអភិវឌ្ឍបុរីគឺស្ថិតនៅក្នុងតំបន់ជាយទីក្រុង នេះដោយសារតែមូលហេតុចម្បងពីរគឺ៖ ទី១ ល្បឿននៃការអភិវឌ្ឍស្ទើរគ្រប់ផ្លូវ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យមិនមានកន្លែងទំនេរសម្រាប់សាងសង់បុរីនៅកណ្តាល ទីក្រុងទៀតឡើយ។ ទី២ ដោយសារល្បឿននៃការអភិវឌ្ឍ វាបានជំរុញឲ្យតម្លៃដីធ្លីនៅតំបន់ជិត កណ្តាលក្រុងកើនឡើងខ្ពស់ ធ្វើឱ្យគម្រោងបុរីមិនអាចវិនិយោគបាន ពោលគឺតំបន់កណ្តាល ក្រុងត្រូវជំនួសដោយគម្រោងពាណិជ្ជកម្ម និងខុនដូធំៗ។

ទាក់ទងនឹងការអភិវឌ្ឍន៍បុរី យើងសូមណែនាំគម្រោងបុរីមួយចំនួន ដែលស្ថិតនៅជិតរាជធានីភ្នំពេញ៖

បុរី វីអាយភី - សង្កាត់ដង្កោ ខណ្ឌដង្កោ

បុរី  Lorn City Lotussana - សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ

បុរី ការឡាក់ស៊ី 11 - សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

បុរី វីអាយភី - សង្កាត់ដង្កោ ខណ្ឌដង្កោ

បុរី  Lorn City Lotussana - សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ

បុរី ការឡាក់ស៊ី 11 - សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

នៅពេលទីផ្សារបុរីក្នុងរាជធានីភ្នំពេញកាន់តែមានការប្រកួតប្រជែង អ្នកអភិវឌ្ឍន៍បានចាប់ ផ្តើមស្វែងរកកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់គម្រោងនាពេលអនាគត។ សៀមរាបជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី ២ នៅក្នុងប្រទេស ដែលមានប្រជាជនជាង ១,០០០,០០០ នាក់ (យោងតាមរបាយការណ៍ជំរឿនប្រជាជនឆ្នាំ២០១៩) បានចាប់ផ្តើមឃើញមានគម្រោងបុរីបើកដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការអភិវឌ្ឍបុរីភាគច្រើនត្រូវបានគេមើលឃើញថាបានជំរុញដំណើរការលក់របស់ខ្លួនតាមរយៈការលក់មុនគម្រោង។  ទោះបីជាហាងលក់ទំនិញ និងផ្ទះបុរាណខ្មែរនៅខេត្តសៀមរាបនៅតែ មានប្រជាប្រិយភាពយ៉ាងណាក៏ដោយ ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងសៀមរាប បានបើកចំហសម្រាប់ការអភិវឌ្ឍអចលនទ្រព្យថ្មីៗ។  

ទីផ្សារបុរីនៅក្នុងទីក្រុងវប្បធម៌មួយនេះ កំពុងតែមានការកើនឡើងជារៀងរាល់ឆ្នាំ។ ខាងក្រោមនេះជាគម្រោងបុរីមួយចំនួននៅក្នុងខេត្តសៀមរាប៖

គម្រោង ភូមិបាគង- ភូមិបាគង ប្រាសាទបាគង

គម្រោង Vnom Empire - អំពិល ប្រាសាទបាគង

បុរី Royal Angkor Village - ស្វាយលើ  ស្វាយលើ

តំបន់មួយទៀតគឺក្រុងព្រះសីហនុ។ ក្រុងព្រះសីហនុមានការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋានយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១៥ ដែលភាគច្រើនផ្តោតលើការអភិវឌ្ឍចម្រុះ។ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍បានចាប់អារម្មណ៍ការអភិវឌ្ឍបុរីនៅក្នុងទីក្រុងមួយនេះ នៅពេលដែល គម្រោងផ្លូវល្បឿនលឿនតម្លៃ ២ លានដុល្លារពីភ្នំពេញទៅក្រុងព្រះសីហនុកំពុង ដំណើរការសាងសង់ និងផ្លូវក្នុងក្រុង ៣៤ ខ្សែ តម្លៃ ២៩៤ លានដុល្លារកំពុងត្រូវបានសាងសង់ បានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទិសដៅវិនិយោគដ៏រឹងមាំសម្រាប់កម្ពុជា។

សម្រាប់អ្នកស្វែងរកអចលនទ្រព្យ  ដែលចង់បានភាពងាយស្រួលនៅក្នុងទីក្រុង និងចង់បានកន្លែងស្នាក់នៅជិតឆ្នេរសមុទ្រកម្ពុជាផងនោះ យើងសូមណែនាំអ្នកឲ្យមើលគម្រោងបុរី បុរី វីអាយភី ក្រុងព្រះសីហនុ

តើបុរីមានតម្លៃដូចម្តេច? 

បុរីមានលក្ខណៈខុសគ្នាច្រើនទាក់ទងនឹងតម្លៃ។ នេះភាគច្រើនដោយសារតែលក្ខណៈខុសៗ គ្នានៃបុរី ដែលត្រូវបានផ្តល់ជូន។ ចំពោះការប៉ាន់ស្មានរបស់របាយការណ៍ Knight Frank បានលើកឡើងថាតម្លៃអាចមានចាប់ពី ៧៥០ ដុល្លារទៅ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ គិតត្រឹមឆ្នាំ២០១៩។ រីឯតម្លៃដីធ្លីនៅកម្ពុជាក៏កំពុងកើនឡើងឥតឈប់ឈរផងដែរ ដូច្នេះតម្លៃទាំងនេះត្រូវបាន គេរំពឹងថានឹងកើនឡើងថែមទៀតក្នុងពេលអនាគតឆាប់ៗ (២ ទៅ ៣ ឆ្នាំ)។

កត្តាដែលជះឥទ្ធិពលដោយផ្ទាល់ ឬដោយប្រយោលដល់តម្លៃបុរីក៏ខុសគ្នាដែរ 

នេះគឺជាការពិចារណាសំខាន់ៗមួយចំនួនក្នុងការវាយតម្លៃតម្លៃបុរី៖

តើបុរីនៅឆ្ងាយប៉ុន្មានទៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលនៅជិតបំផុត? (មជ្ឈមណ្ឌលទិញទំនិញ រោងកុន ធនាគារ ស្ថាប័នរដ្ឋាភិបាល ព្រលានយន្តហោះ ជាដើម ។ ល។)

តើមានសេវាកម្មបន្ថែមអ្វីខ្លះនៅក្នុងបុរី? (សួនឧទ្យាន និងទីតាំងរួមសម្រាប់ប្រារព្ធពិធីផ្សេងៗ សួនកុមារ អាងហែលទឹកសាធារណៈ ។ ល។)

តើអ្នកអភិវឌ្ឍន៍បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានចាំបាច់ដែរឬទេ? (បណ្តាញអគ្គីសនី ប្រព័ន្ធទឹក និងផ្លូវចូល ។ ល។)

តើបុរីទាំងមូលជាបុរីដែលមានតម្លៃសមរម្យ / តម្លៃមធ្យម/ តម្លៃខ្ពស់?

យើងសុំឲ្យអ្នកពិចារណាកត្តាទាំងនេះ បន្ថែមលើតម្រូវការជាក់លាក់របស់អ្នក នៅពេលទិញបុរី ឬអចលនទ្រព្យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ពន្ធសម្រាប់បុរី

សម្រាប់អចលនទ្រព្យគ្រប់ប្រភេទ ដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់រហូត / ប្លង់រឹងក្នុងប្រទេសកម្ពុជា មិនថាអ្នកជាជនជាតិខ្មែរ ឬជនបរទេសទេ អ្នកត្រូវតែបង់ពន្ធលើការផ្ទេរសិទ្ធិ រាល់ពេលដែលអ្នកទិញអចលនទ្រព្យ។ ពន្ធផ្ទេរសិទ្ធិ (ពន្ធប្រថាប់ត្រា) មានអត្រា ៤ ភាគរយ។ 

ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំក៏ត្រូវបានកំណត់លើផ្ទះ ដីធ្លី អគារ ដែលមានតម្លៃលើសពី ១០០,០០០,០០០ រៀល (២៥,០០០ ដុល្លារ) ។ ពន្ធនេះត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០.១% នៃតម្លៃអចលនទ្រព្យ។ ពន្ធនេះត្រូវបានផ្អែកលើតម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលបានសាងសង់នៅលើដី ដោយកាត់ទឹកប្រាក់ចំនួន ១០០,០០០,០០០ រៀល (២៥,០០០ ដុល្លារ) ពីតម្លៃសរុបនៃអចលនទ្រព្យនោះ។ 

តម្លៃ (អចលនទ្រព្យ) ដី ផ្ទះ អគារ និងសំណង់ផ្សេងៗទៀត ដែលត្រូវបានសាងសង់នៅលើដី ត្រូវកំណត់ដោយផ្អែកលើតម្លៃទីផ្សារដោយគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យដែលបង្កើត ឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះបើយោងតាមនាយកដ្ឋានពន្ធដារ។

តើជនបរទេសអាចកាន់កាប់បុរីបានដែរឬទេ?

ជនបរទេសត្រូវបានហាមឃាត់មិនឱ្យកាន់កាប់ដីជាកម្មសិទ្ធិស្រប​ច្បាប់បានឡើយនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រកាសថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។ ដោយសារបុរីគឺជាផ្ទះជាប់ដីតាមច្បាប់ប្រភេទលំនៅដ្ឋានប្រភេទនេះត្រូវបានហាមឃាត់ពីការកាន់កាប់ដោយពលរដ្ឋមិនមែនជាជនជាតិខ្មែរ។

ជនបរទេសអាចរៀបការជាមួយជនជាតិខ្មែរ ហើយដាក់ឈ្មោះតាមប្តី ឬប្រពន្ធ ឬទទួលបានសញ្ជាតិខ្មែរតែម្តង​ បន្ទាប់ពីបានបំពេញលក្ខខណ្ឌតម្រូវពីរដ្ឋ។

តើប័ណ្ណកម្មសិទ្ធិប្រភេទណា ប្រើប្រាស់សម្រាប់ការកាន់កាប់បុរីនៅក្នុងប្រទេសកម្ពុជា?

ជាទូទៅ ប្រទេសកម្ពុជាប្រើប័ណ្ណកម្មសិទ្ធិ ៣ ប្រភេទ។ ទាំងនេះមានដូចជា៖ ប្លង់ទន់ ប្លង់រឹង និងប្លង់រឹងប្រព័ន្ធ (LMAP)។ ដូច្នេះប្រសិនបើអ្នកទិញផ្ទះបុរីណាមួយ វាជាការល្អបំផុត ក្នុងការស្នើសុំម្ចាស់គម្រោងមើលប្លង់រឹងប្រព័ន្ធ ដែលជាប្រភេទប្លង់ចុងក្រោយ និងមានសុវត្ថិភាពបំផុតនៅពេលអនាគត។

តើអ្នកត្រូវត្រួតពិនិត្យអ្វីខ្លះនៅពេលទិញបុរីនៅកម្ពុជា?

រដ្ឋាភិបាលកម្ពុជាតាមរយៈទីភ្នាក់ងាររបស់ខ្លួនបានចាត់វិធានការដល់អ្នកអភិវឌ្ឍន៍ទាំងឡាយណា ដែលធ្វើខុស ដោយមិនមានឯកសារត្រឹមត្រូវសម្រាប់គម្រោងរបស់ពួកគេ។ ដូច្នេះជាការប្រសើរ អ្នកទិញខ្លួនឯងត្រូវតែត្រួតពិនិត្យផ្នែកច្បាប់ឲ្យបានត្រឹមត្រូវ។ នេះមានអ្នកន័យថា អ្នកជាអ្នកទិញដ៏ឆ្លាតវៃម្នាក់។ 

នេះគឺជាឯកសារគតិយុត្តសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវរកមើលនៅពេលពិនិត្យមើលជាមួយ ម្ចាស់គម្រោងបុរី៖

ប្លង់រឹង៖ 

អ្នកត្រូវមើលប្លង់រឹងពីរប្រភេទនៅពេលទិញបុរី។ ទីមួយគឺជាប្លង់រឹងគម្រោង (ប្លង់មេ) សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល។ ប្លង់នេះគ្របដណ្តប់លើដីទាំងមូលរបស់គម្រោង។ ទី២ ប្លង់រឹងបំបែកក្បាលដីសម្រាប់ខ្នងផ្ទះនីមួយៗដែលមាននៅក្នុងបុរី។ នេះជាប្រភេទប្លង់កម្មសិទ្ធិឯកជន របស់ផ្ទះនីមួយៗ។ 

ការអភិវឌ្ឍបុរីស្របច្បាប់គួរតែអាចចេញប្លង់រឹងទាំងពីរនេះដល់អ្នកទិញរបស់ខ្លួន។ ប្រសិនបើពួកគេមិនអាចបង្ហាញឯកសារទាំងនេះបានទេ អ្នកគួរតែពិចារណាឡើងវិញ។ 

សម្គាល់៖ អ្នកអភិវឌ្ឍន៍ក៏អាចផ្តល់ជូនត្រឹមតែប្លង់ទន់បានដែរ ប្រសិនបើដីមានត្រឹមតែប្លង់ទន់ ប៉ុន្តែវាជាការល្អបំផុត ប្រសិនអ្នកទទួលបានប្លង់រឹង។

ការចុះឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍៖ 

ក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវចុះឈ្មោះ(នៅក្រសួងពាណិជ្ជកម្ម)ជាមុនសិន ដើម្បីទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងអាចធ្វើប្រតិបត្តិការបាននៅកម្ពុជា។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនត្រឹមត្រូវ វាមានន័យថាអ្នកអភិវឌ្ឍន៍ មានសិទ្ធិដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងណាមួយបានដោយស្របច្បាប់។

ផែនការមេ៖ 

ដើម្បីអភិវឌ្ឍគម្រោងណាមួយ គេត្រូវតែមានផែនការមេ។ ប្លង់មេនេះនឹងត្រូវត្រួតពិនិត្យ និងអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ផែនការមេរបស់គម្រោង បុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង។ ប្លង់មេនឹងអាចប្រាប់ថា តើគម្រោងមាន ហេដ្ឋារចនាសម្ព័ន្ធដូចម្តេច និងមានប្លង់លំនៅដ្ឋានដូចម្ត៉េច។ អ្នកអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន នឹងអាចបង្ហាញអ្នកអំពីឯកសារមួយនេះ។ 

អាជ្ញាប័ណ្ណសាងសង់៖ 

ក្រៅពីផែនការមេ គម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​ និង​សំណង់។   ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះគម្រោងត្រូវមានផែនការមេ​មានប្រាក់តម្កល់ ២% ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។

អាជ្ញាប័ណ្ណបុរី៖ 

អាជ្ញាប័ណ្ណបុរីជាឯកសារដ៏សំខាន់មួយទៀតដែលអ្នកត្រូវតែត្រួតពិនិត្យ។ ឯកសារនេះត្រូវបានចេញ និងទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងមួយអាចទទួលបានអាជ្ញាប័ណ្ណនេះ មានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញនូវតម្រូវការរបស់ក្រសួងទាក់ទងនឹង គុណភាព ការរចនា ផែនការលក់ និងឯកសារសំខាន់ៗផ្សេងទៀត។ 

តើការទិញបុរីនៅកម្ពុជាជាការវិនិយោគល្អដែរឬទេ?

ការវិនិយោគល្អតែងតែផ្អែកលើតម្រូវការដែលបានរំពឹងទុករបស់ទីផ្សារ។ បច្ចុប្បន្នប្រជាជន កម្ពុជាកំពុងត្រូវការផ្ទះកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ រីឯតម្លៃដីធ្លីសម្រាប់ការអភិវឌ្ឍបុរីបានមើលឃើញថាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសដីនៅតាមជាយក្រុង ទីប្រជុំជន និងតាមបណ្តាយផ្លូវជាតិសំខាន់ៗ នៅតាមទីក្រុងធំៗនៅទូទាំងប្រទេស។ 

យោងតាមទិន្ន័យពីក្រុមហ៊ុន Knight Frank បានអោយដឹងថា តម្លៃបុរីជាមធ្យមក្នុងឆ្នាំ ២០១៨ គឺ ៧១៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយចំនួននេះបានកើនឡើងដល់ ៩៤០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩។ ការអភិវឌ្ឍបុរីលំដាប់ខ្ពស់បានកើនឡើងខ្ពស់បំផុតជាមួយនឹងតម្លៃចេញលក់នៅឆ្នាំ២០១៨ ប្រហែល ១,២០០ ដុល្លារទៅ ១,៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងបានកើនឡើងដល់ ១,៧០០ ដុល្លារមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៩ ។

កត្តាមួយទៀតដែលត្រូវពិចារណាគឺបុរីដែលកំពុងស្ថិតនៅក្នុងគម្រោងសាងសង់នៅពេល បច្ចុប្បន្ន និងគម្រោងនៅពេលអនាគតផ្សេងទៀត នឹងត្រូវបានសាងសង់បន្ថែមទៀត នៅឆ្ងាយពីមជ្ឈមណ្ឌលនៃទីក្រុង (ជាពិសេសរាជធានីភ្នំពេញ) ។ ដោយសារសក្តានុពលនៃការពង្រីកការអភិវឌ្ឍទៅតំបន់ក្រៅក្រុងយ៉ាងឆាប់រហ័ស គេមើលឃើញថា បុរីដែលបានបង្កើតឡើងថ្មីៗពិតជានឹងកើនឡើងតម្លៃយ៉ាងច្រើននៅក្នុង ឆ្នាំបន្តបន្ទាប់។

តើត្រូវបង់ប្រាក់ដោយរបៀបណា នៅពេលទិញបុរីនៅកម្ពុជា? 

ពាក្យថា“ លុយគឺជាស្តេច” គឺពិតជាត្រឹមត្រូវសម្រាប់ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជា។  ការមានលុយផ្ទាល់ខ្លួនជាសាច់ប្រាក់ វានឹងផ្តល់ឱ្យអ្នកនូវឱកាសក្នុងការទទួលបានការបញ្ចុះតម្លៃ សម្រាប់ការទិញអចលនទ្រព្យនៅកម្ពុជា។

ប៉ុន្តែប្រសិនបើស្ថានភាពបច្ចុប្បន្នរបស់អ្នកទាមទារឱ្យអ្នកទិញភ្លាមៗ ដោយមិនមានសាច់ប្រាក់ គ្រប់គ្រាន់ទេ អ្នកអាចជ្រើសរើសយកជម្រើសបង់រំលស់ជាមួយកម្ចីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបាន។ 

ប្រសិនបើអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះ អ្នកអាចស្វែងយកតាមរយៈធនាគារ ABA ធនាគារជីបម៉ុង ធនាគារវឌ្ឍនៈ ធនាគារ Bread Bank និងធនគារជាច្រើនទៀត។ ដើម្បីទទួលបានប្រាក់កម្ចីពីធនាគារអ្នកត្រូវមានប្រាក់ចំណូលប្រចាំខែទៀងទាត់ វត្ថុបញ្ចាំ ប្លង់រឹងនិងអ្នកធានា។ ក្រៅពីនេះក៏មានការសិក្សាពីលទ្ធភាពនៃការសងត្រលប់លម្អិត ដែលនឹងត្រូវធ្វើឡើងដោយធនាគារផ្ទាល់ផងដែរ។ 

តើអ្នកគួរទិញបុរីមុនគម្រោងនៅកម្ពុជា ដែរឬទេ?

ការអភិវឌ្ឍគម្រោងលំនៅជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងរីកដុះដាលជាមួយនឹងយុទ្ធសាស្រ្តលក់ថ្មី “លក់មុនគម្រោង”។ ការលក់មុនគម្រោងមានន័យថាម្ចាស់គម្រោងចាប់ផ្តើមលក់ គម្រោងលំនៅដ្ឋានរបស់ពួកគេមុនពេលគម្រោងចាប់ផ្តើមសាងសង់ ឬកំពុងសាងសង់។

ការទិញយូនីតមុនគម្រោងអាចជាគុណសម្បត្តិ៖ អ្នកអាចទទួលបានការបញ្ចុះតម្លៃ អ្នកអាចជ្រើសរើសយូនីតនៅក្នុងគម្រោងបានមុនគេ ហើយថែមទាំងអាចកម្មង់យកការរចនាផ្ទះតាមចំណង់ចំណូលចិត្តរបស់អ្នកបានទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ការទិញមុនគម្រោងក៏អាចមានហានិភ័យកើតឡើងនៅពេលអនាគត  សម្រាប់អ្នកទិញ មានដូចជា ការសាងសង់ជាប់គាំង ឬការលុបចោលគម្រោងតែម្តង។ ដើម្បីឲ្យអ្នកអាចជៀសផុតពីបញ្ហាបែបនេះ យើងសូមណែនាំអ្នកឲ្យយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យឯកសារផ្លូវច្បាប់របស់គម្រោងឲ្យបានច្បាស់លាស់ មុនពេលទិញផ្ទះពីគម្រោងណាមួយ៕ 

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

 

Comments