+855 92 92 1000
Logo
សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា  ចូលរួមសន្និសីទ និងពិព័រណ៍នៅក្នុងទីក្រុងឈីកាហ្គោ សប្តាហ៍ក្រោយ
Updated on: June 6, 2022, 9:29 p.m.
Published on: October 29, 2017, 3:59 a.m.

សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចូលរួមសន្និសីទ និងពិព័រណ៍នៅក្នុងទីក្រុងឈីកាហ្គោ សប្តាហ៍ក្រោយ


 
សមាជិកសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ចំនួន២៨​ រូប មកពីក្រុម ហ៊ុនអចលនទ្រព្យក្នុងស្រុកចំនួន១៤​ក្រុមហ៊ុននឹងចូលរួមក្នុងសន្និសីទ និងពិព័រណ៍​ ដែលរៀបចំ ដោយសមាគមន៍ National Association of Realtor (NAR) នៅទីក្រុងឈីកាហ្គោ ក្នុងសហរដ្ឋអាមេ រិកសប្តាហ៍ក្រោយ។

សមាគមន៍ National Association of Realtor គឺជាសមាគមន៍ពាណិជ្ជកម្មធំបំផុតរបស់អាមេរិក និងតែងតែធ្វើសន្និសីទ និងពិព័រណ៍ពាក់ព័ន្ធនឹងអ្នកវាយតម្លៃអចលនទ្រព្ យជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ដែលមានរយៈពេល៤ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ដោយបាន នាំយកអ្នកជំនាញអចលនទ្រព្យចំនួន ២០,០០០នាក់មកពី ៦០ ប្រទេសជុំវិញពិភពលោក។

លោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគមន៍ CVEA បានមានប្រសាសន៍ថាគោលបំណងនៃ ការចូលរួមក្នុងសន្និសិទនេះគឺដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យ ក៏ដូចជាផ្សព្វ ផ្សាយអចលន ទ្រព្យរបស់កម្ពុជាទៅកាន់ពិភពលោក “ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះនឹងមានភ្នាក់ងារ អចលនទ្រព្យអន្តរជាតិជាច្រើនពាន់នាក់មកពីគ្រប់ទិសទីទូទាំងពិភព លោក”។

លោកបណ្ឌិត គីម បានបន្ថែមថា “នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់យើង (សមាគមន៍)។ យើងមានឱកាស យកទង់ជាតិកម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិនៅក្នុង ចំណោមប្រទេស ដទៃទៀត ហើយការលើកទង់ជាតិនឹងបង្ហាញពីភាពរឹងមាំនៃទីផ្សារអចលនទ្រព្យរបស់កម្ពុជា ទៅកាន់ពិភពលោកទាំងមូល”។ លោកបណ្ឌិតគីមបន្ថែមទៀតថា នេះគឺជាឱកាសដ៏ល្អសម្រាប់ សមាជិកកម្ពុជាក្នុង ការរៀនសូត្រពីរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មី  បច្ចេកវិទ្យាថ្មី ការច្នៃប្រឌិត និងរបៀបគ្រប់គ្រងដែលភ្នាក់ងារអចលនទ្រព្យអន្តរជាតិ កំពុងអនុវត្តន៍។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតគីមមិនរំពឹងថាសន្និសីទរយៈពេល ៤ ថ្ងៃនេះ នឹងនាំឱ្យ អចលនទ្រព្យកម្ពុជាមានការរីកចម្រើនភ្លាមៗនោះទេ ប៉ុន្តែលោកជឿជាក់ថា វានឹង ជម្រុញឱ្យសមា ជិករបស់ CVEA បានស្វែងយល់ពីរបៀបដែលអន្តរជាតិកំពុងអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុង ប្រទេសរបស់ពួកគេ ហើយបន្ទាប់មកនោះជាអ្វីដែលនឹងត្រូវយក មកអនុវត្តន៍ជាបណ្ដើរៗនៅកម្ពុជា ។

ក្រុមការងាររបស់ CVEA ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋដទៃទៀតនៅអាមេរិកដោយមានគម្រោងនឹងចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយដៃគូភ្នាក់ងារ អចលនទ្រព្យផ្សេង ទៀត ដែលនេះជាឱកាសដ៏ល្អសម្រាប់ការកសាងទំនាក់ទំនងអន្ដរជាតិ។

ក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យចំនួន ១៤ ដែលមានតំណាងចូលរួមក្នុងសន្និសីទ និងពិព័រណ៍នេះមានដូចជា៖  ក្រុមហ៊ុនKhmer Real Estate Co., Ltd, ក្រុមហ៊ុន Century 21 Cambodia  ក្រុមហ៊ុន Cambodia Properties Limited (CPL) ក្រុមហ៊ុន The Sea Gate Suite​ ក្រុមហ៊ុន Towncity Real Estate Co., Ltd ក្រុមហ៊ុន Amatak Property Service Co., Ltd ក្រុមហ៊ុន KAT Appraisal Co., Ltd ក្រុមហ៊ុន Eyes Real Estate ក្រុមហ៊ុន Century 21 Mekong ក្រុមហ៊ុន Anajak Investment Co., Ltd ក្រុមហ៊ុន Century 21 World Trust ក្រុមហ៊ុន Century 21 Fortuna Investment ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុន Active Properties  និងក្រុមហ៊ុន  Realestate.com.kh។​

ចង់សិក្សាពីព័ត៌មានអចលនទ្រព្យថ្មី សូមចូលទៅកាន់Realestate.com.kh!
  ចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីឈ្នះរង្វាន់ទូរសព្ទIPhone 8! 

Comments