+855 92 92 1000
Logo
ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ នឹងនាំមកនូវមុខមាត់ថ្មីដល់ព្រះរាជាណាចក្រកម្ពុជា
Updated on: June 7, 2022, 3:19 a.m.
Published on: May 30, 2018, 3:48 p.m.

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ នឹងនាំមកនូវមុខមាត់ថ្មីដល់ព្រះរាជាណាចក្រកម្ពុជា


ក្រោមប្រធានបទ "ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរ "នឹងឆ្លើយតបទៅនិងការរីកចម្រើននៃវិស័យសំណង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី 24 ខែឧសភាឆ្នាំ 2018 - ជារៀងរាល់ឆ្នាំកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរ និងមានភាពប្រសើរឡើងយ៉ាងឆាប់រហ័សជាពិសេសគឺអ្នករស់នៅទីក្រុងធំៗដូចជានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត។

ស្របពេលជាមួយគ្នានេះដែរ ក៏នឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃការរចនានៃវិស័យអចលនទ្រព្យដូចជាស្តង់ដាថ្មីនៃអគារពាណិជ្ជកម្ម អគារការិយាល័យ កន្លែងធ្វើការរួមគ្នា កន្លែងកម្សាន្ត ផ្សារទំនើបផ្សារ ហាងកាហ្វេ, និងអគារលំនៅដ្ឋាន ។ល។

ប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរ» នៃពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ដែលរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការជាមួយសមាគមស្ថាបត្យកម្មកម្ពុជារៀបចំរួមគ្នាចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦នៅក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្យនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

ការតាំងពិព័រណ៍រយៈពេល ៣ ថ្ងៃដែលមានការចូលរួមពីក្រុមហ៊ុន Jotun ជាអ្នកឧបត្ថម្ភការតុបតែងលំអរពិពរ័ណ៍នៅឆ្នាំនេះ និងក៏មានការចូលរួមពីក្រុមហ៊ុនជាង១៥០ជាតិ និងអន្តរជាតិមកពីទូទាំងពិភពលោកចូលរួមជាមួយនឹងទំហំទីតាំងពិព័រណ៍ជិត4000ម៉ែត្រការ៉េដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ និងភាពច្នៃប្រឌិតថ្មីៗដល់អ្នកចូលរួមមកពីវិស័យស្ថាបត្យកម្មរចនាផ្ទៃខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាតាំងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋទូរទៅដែលជាម្ចាស់ផ្ទះ និងសាស្រ្តាចារ្យជំនាញក្នុងវិស័យនេះផងដែរ។

ខណៈដែលអ្នកតាំងពិព័រណ៍អាចមានឱកាសក្នុងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួម។

លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា៖​«យើងទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះពិពរ័ណ៍លើកទី១ និងទី២កន្លងរួចមកហើយ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលក្នុងឧស្សាហកម្មនេះក៏ដូចជាក្រសួង និងស្ថាប័ននានារបស់រដ្ឋជាពិសេសក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់» ។

លោកបានថ្លែងបន្តថា៖«ឆ្នាំនេះគឺជាការរៀបចំពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ របស់យើងដែលនឹងផ្តល់ជូននូវឱកាសជាច្រើនសម្រាប់អ្នកចូលរួមក្នុងការរៀនសូត្រ។ យើងចង់ជម្រុញប្រជាជនកម្ពុជា និងផ្តល់គំនិត និងចំណេះដឹងដល់ពួកគេក្នុងរបៀបរៀបចំលម្អរនៅកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេឱ្យកាន់តែមានភាពប្រសើរឡើង "។

ជាការពិតណាស់តួនាទីនៃការរចនាគុណភាពនៃការតុបតែង និងស្ថាបត្យកម្មមិនត្រូវបានកាត់ផ្តាច់ចេញពីការរីកចម្រើននៃវិស័យសំណង់នោះឡើយព្រោះវាធ្វើឱ្យអាគារមានភាពទាក់ទាញនិងមានផាសុកភាព និងមានផលប៉ះពាល់ផ្ទាល់ទៅលើបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ថា វិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងពេលជាមួយគ្នានេះដែរមានតម្រូវការនៃទំនើបកម្មនិងការតុបតែងលំអរអគារ និងគេហដ្ឋានក៏ជារឿងចាំបាច់ផងដែរ។

ឯកឧត្តម ភឿង សុភ័ណ្ឌ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ឆ្នាំនេះនឹងក្លាយជាភស្តុតាងដើម្បីបង្ហាញថាវិស័យសំណង់និង អចលនទ្រព្យនៅកម្ពុជាបានធ្វើការទាក់ទាញវិនិយោគិនជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក។ ព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងដើរតួជាវេទិកាមួយដោយនាំមកនូវគំនិតថ្មី‌ផលិតផលថ្មី‍ៗ និងគំរូនៃការតុបតែងអគារ និងផ្ទះល្អៗដល់ប្រទេស និងប្រជាជនរបស់ យើងខណៈដែលរបៀបរស់នៅរបស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលប៉ន្មានឆ្នាំចុងក្រោយនេះ»។

ជាមួយនឹងភាពជោគជ័យដ៏ធំធេងក្នុងការតាំងពិព័រណ៍ពីរលើកកន្លងមកនេះ ព្រឹត្តិការណ៍ថ្ងៃនេះនឹងផ្តល់នូវវេទិកាតែមួយគត់សម្រាប់អ្នកចូលរួមទាំងអស់មានជំនួបដោយផ្ទាល់ជាមួយ វាគ្មិនសំខាន់ៗ និងអ្នកតាំងពិព័រណ៍នៅក្នុងពិធីអាហារពេលល្ងាចឆ្នាំ ២០១៨ នៅសាលពិពរ័ណ៍ និងសន្ឋិបាតកោះពេជ្រ។ សូមបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៧ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវចូលរូមចំនួន ៤.309 នាក់ដោយមានកើនឡើងជាង២៣ ភាគរយធៀបទៅឆ្នាំ២០១៦។

និន្នាការនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាចំនួនប្រជាជនរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ១៥ ទៅ ១៩ លាននាក់នៅចន្លោះពេលនេះរហូតដល់ឆ្នាំ២០៣០ ហើយនៅទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជននឹងមានចំនួនប្រជាជនកើនឡើងពី៤ ទៅ៧លាននាក់ដែលជម្រុញអោយមានតម្រូវការលំនៅដ្ឋានថ្មីប្រមាណជា ៨០០.០០០ ផ្ទះបន្ថែមទៅលើចំនួនលំនៅឋានបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ពី MLMUPC។

របាយការណ៍ដដែលបានបង្ហាញថា កាលពីឆ្នាំ២០១៧ វិស័យអចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងគម្រោងអនុម័តចំនួន៣.៤១៨គម្រោង ហើយវិស័យសំណង់បានកើនឡើង ២២% ពីមួយឆ្នាំទៅមួយឆ្នាំ (មានទឹកប្រាក់រហូតដល់ទៅ ៦.៨ ពាន់លានដុល្លារ) ក្នុងនោះ៨២%ជាគម្រោងលំនៅដ្ឋាន។

ជាមួយគ្នានេះដែរ កាលឆ្នាំ ២០១៧ ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវតម្រូវការ សម្រាប់អគារការិយាល័យដែលមានគុណភាពល្អទាំងអ្នកក្នុងស្រុកនិងក្រៅស្រុក។ ការណ៍នេះបានធ្វើឱ្យប្រភេទអគារការិយាល័យប្រភេទ B ធ្លាក់ចុះប្រហែល ១០ ភាគរយ។ ស្របពេលជាមួយគ្នាដែរនៅដំណាច់ត្រីមាសទី៤ឆ្នាំ២០១៧ផ្ទៃដីសម្រាប់ជួលដើម្បីធ្វើការលក់រាយប្រហែល៣០០.០០០ ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ឬគ្រោងនឹងបញ្ចប់បានកើនឡើងទ្វេដងសម្រាប់តម្រូវការផ្គត់ផ្គង់លក់រាយនាពេល​២៤ខែខាងមុខ។

លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សសម្រាប់ឆ្នាំកន្លងមកដោយសារវិស័យសំណង់ និងអចលនទ្រព្យគឺជាឧស្សាហកម្មឈានមុខគេមួយ។

លោក ស៊ិន សុជាតិ បានមានប្រសាសន៍បន្ថែមទៀតថា៖«ស្របពេលជាមួយគ្នានោះដែរ សេដ្ឋកិច្ចរបស់យើងកំពុងរីកចម្រើនដោយយើងឃើញមានការសាង់សង់សណ្ឋាគារថ្មីៗ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងអគារលំនៅដ្ឋានកំពុងមានការរីកចំរើននៅរាជធានីភ្នំពេញ និងបានរីករាលដាលទៅកាន់ទីក្រុងនានាក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះមានប្រជាជនថ្នាក់កណ្តាលកំពុងមានការកើនឡើង ហើយរបៀបនៃរស់នៅរបស់ពួកគេក៏កំពុងផ្លាស់ប្តូរទាំងការងារ និងបរិស្ថានផ្ទាល់ខ្លួនផងដែរ»។

ធនាគារអភិវឌ្ឍន៍អាស៊ីមូលនិធិរូបិយវត្ថុអន្ដរជាតិក៏ដូចជារដ្ឋាភិបាលបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងរង្វង់៧ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ។ វិស័យសំណង់គឺជាផ្នែកមួយដ៏សំខាន់ដែលគាំទ្រដល់កំណើនខ្ពស់បែបនេះ។

អំពីក្រុមហ៊ុន ICVeX

ក្រុមហ៊ុន ICVEX Co Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការផ្គត់ផ្គង់ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុនICVទទួលបានការកោតសរសើរថាជាភ្នាក់ងារលំដាប់ថ្នាកទី៧លើពិភពលោកចុះផ្សាយក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។ ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជា ពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ ២០១៦ លើកទីមួយ។

អំពីសមាគមស្ថាបត្យករកម្ពុជា

សមាគមស្ថាបត្យករកម្ពុជា (CSA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ និងបានចុះបញ្ជីការតាមផ្លូវច្បាប់នៅឆ្នាំ២០១៦ជាអង្គការវិជ្ជាជីវៈមិនរកប្រាក់ចំណូលដើម្បីលើកស្ទួយវិជ្ជាជីវៈផ្នែកសា្ថបត្យកម្មនៅក្នុងប្រទេសកម្ពុជាដោយមានកិច្ចសហការជាមួយគណៈស្ថាបត្យករកម្ពុជា។ នៅខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាសង្គមទំនើបមួយ CSA មានគោលបំណងក្លាយខ្លួនជាប្រភពនៃសាមគ្គីភាពសម្រាប់បណ្តាស្ថាបត្យករទាំងអស់នៅក្នុងប្រទេស។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាបត្យករចំនួនជាង ៣,០០០ នាក់ដែលក្នុងនោះមានស្ថាបត្យករចំនួន ៥០០នាក់ជាសមាជិក CSA ។

ស្វែងរកព័ត៌មានទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ និងព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh

Comments