កម្ពុជាអាចនឹងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលនទ្រព្យក្នុងឆ្នាំ២០១៨

12 ខែ មិនា ឆ្នាំ 2018, 16:03

 

ស្របពេលដែលវិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាក្រុមអ្នកជំនាញ និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យបានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយ និងនាំយកអចលនទ្រព្យកម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ​។ តួយ៉ាងសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  បានការងារជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុកដើម្បីជម្រុញដំណើរការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមានភាពរីកចម្រើនប្រកបដោយចីរភាព។

ជាមួយនឹងបទពិសោធន៍ដ៏ច្រើន និងដើម្បីជម្រុញដល់ប្រសិទ្ធិភាពនៃការគ្រប់គ្រង និងភាពរីកលូតលាស់របស់វិស័យអចលនទ្រព្យកម្ពុជាសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាគ្រោងនឹងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអចលទ្រព្យនៅក្នុងឆ្នាំ២០១៨​នេះ។

លោកបណ្ឌិត គីម ហ៊ាង ដែលប្រធានសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថា "គោលបំណងនៃការបើកវិទ្យាស្ថាននេះគឺមិនមែនដើម្បីរកប្រាក់ចំណេញនោះទេ ប៉ុន្តែជាការពង្រឹងធនធានមនុស្ស និងគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឲ្យមាននិរន្តរភាព"។ លោកបានបន្ថែមថា វិទ្យាស្ថាននេះនឹងប្រើប្រាស់កម្មវិធីសិក្សាមួយដោយយកគម្រូតាមកម្មសិក្សារបស់ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។

នៅពេលវិទ្យាស្ថាននេះបង្កើតឡើងវានឹងក្លាយជាសាលាបង្រៀនជំនាញអចលទ្រព្យដំបូងគេបំផុតនៅកម្ពុជា  ហើយសាលានេះនឹងបណ្តុះបណ្តាលជំនាញទៅដល់ភ្នាក់ងារអចលនទ្រព្យ និងភ្នាក់ងារវាយតម្លៃអចលនទ្រព្យដើម្បីឲ្យអ្នកទាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ជូនសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់អតិថិជន។

ទាក់ទងនឹងវគ្គបណ្តុះសម្រាប់ជំនាញជាភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យ លោកបណ្ឌិត គីម ហ៊ាង បាននិយាយថា “ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យនឹងត្រូវសិក្សារយៈពេល ១៥០ ម៉ោង រីឯភ្នាក់ងារ វាយតម្លៃអចលនទ្រព្យនឹងត្រូវសិក្សារយៈពេល១៨០ម៉ោង។ ចំណែកគ្រូបង្រៀនវិញពាក់កណ្តាលជាអ្នកជំនាញរបស់កម្ពុជា និងពាក់កណ្តាលជាជនបរទេស។”  

វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអចលនទ្រព្យនេះត្រូវការទឹកប្រាក់វិនិយោគប្រមាណជា ២០០,០០០ ដុល្លារ ដែលទំនងជាបានមកពីការវិនិយោគពីសមាជិករបស់សមាគមន៍ CVEA និងក្រុមហ៊ុនឯកជននៅក្នុងវិស័យ។​ ប៉ុន្តែមកដល់ពេលនេះសមាគមន៍នៅមិនទាន់បានស្នើសុំ​អាជ្ញាប័ណ្ណជាផ្លូវការពីក្រសួង​អប់រំយុវជន និង​កីឡា និងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅឡើយទេ។​

ទោះបីជាយ៉ាងណាក៏ដោយ ទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡាបានស្វាគមន៍ចំពោះដំណឹងនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលទ្រព្យមួយនេះ៕

ស្វែងរកព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh