សន្និបាត និងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧

7 ខែ មិថុនា ឆ្នាំ 2017, 14:32

 

ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ​ ដែលបានទាក់ទាញអ្នកអភិវឌ្ឍន៍ និងវិនិយោគិនទាំងក្នុងស្រុក និងមកពីតំបន់អាស៊ាន។ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបថេរ និងការរំពឹងទុកកំណើននៃវិនិយោគជម្រុញឲ្យកម្ពុជាមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍន៍ចាប់ពីគម្រោងទ្រង់ទ្រាយតូចរហូតដល់ទ្រង់ទ្រាយធំ។

 

កម្ពុជាក៏បានផ្លាស់ប្តូរទាក់ទងទៅនឹងវិស័យអចលនទ្រព្យ និងសំណង់យ៉ាងច្រើនផងដែរ។ គម្រោងអភិវឌ្ឍថ្មីៗបានផ្តល់ជូនភាពងាយស្រួលក្នុងការរស់នៅ។ ជនបរទេសក៏ត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិធ្វើភាពជាម្ចាស់លើអចលនវត្ថុនៅក្នុងប្រទេស។ បច្ចុុប្បន្នការអភិវឌ្ឍក៏បានផ្លាស់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ដូច្នេះការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចជាជម្រើសល្អបំផុតនៅពេលនាពេលបច្ចុប្បន្នសម្រាប់ទាំងអ្នកវិនិយោគក្នុងស្រុកនិងអន្ដរជាតិដែលមានការយល់ដឹងច្រើនអំពីឱកាសវិនិយោគដ៏មានសក្តានុពលក្នុងតំបន់។

 

សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កំពុងធ្វើការងារដើម្បីនាំយកអចលនទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជាទៅបង្ហាញដល់ពិភពលោក។ ដូច្នេះទើបសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំសន្និងបាត និងការតាំងពិព័រណ៍ជាលើកដំបូងដ៏ធំបំផុតរបស់ខ្លួនប្រចាំឆ្នាំ ដែលនឹងត្រូវបានប្រារព្ធធ្វើឡើងនៅពីរសប្តាហ៍ខាងមុខនៅសណ្ឋាគារសូហ្វីតែល (Sofitel Phnom Penh Phokeethra) ក្នុងរយៈពេល ៣ថ្ងៃ -ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី ២៥ ខែមិថុនា២០១៧។

 

លោកបណ្ឌិត គីម ហ៊ាង ជាប្រធាននៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថា “សនិ្នបាត និងពិព័រណ៍អចលនទ្រព្យកម្ពុជានេះមានបំណងដើម្បីផ្សព្វផ្សាយវិស័យអចលនទ្រព្យកម្ពុជាទៅទីផ្សារអន្តរជាតិ និងមួយទៀតគឺដើម្បីបណ្តុះបណ្តាសមាជិកពាក់ព័ន្ធក្នុងវិស័យនេះឲ្យយល់ដឹងបន្ថែមទៀតអំពីវិស័យដីធ្លី និងទីផ្សារលំនៅដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”​

 

លោកបណ្ឌិតគីមបានបន្ថែមទៀតថា “ការតាំងពិព័រណ៍នេះជាព្រឹត្តិការណ៍ថ្នាក់ជាតិ ប៉ុន្តែមានអ្នកចូលរួមកម្រិតអន្តរជាតិ និងមានវាគ្មិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងទីផ្សារអចលនទ្រព្យអន្ដរជាតិចូលរួមចែករំលែកដល់អ្នកចូលរួមទាំងអស់។”​

 

លោកបណ្ឌិតគីមហ៊ាងបានពន្យល់ថា “ព្រឹត្តិការណ៍នេះនឹងផ្សព្វផ្សាយពីវិស័យអចលនទ្រព្យរបស់ប្រទេស កម្ពុជាទាំងមូលតែម្តង។ នេះមានន័យថាវាមិនមែនត្រឹមតែដើម្បីបង្ហាញពីគម្រោងដៃគូដែលមាននៅក្នុងកម្មវិធីពិព័រណ៌ប៉ុណ្ណោះទេ ប៉ុន្តែសំដៅដល់ការអភិវឌ្ឍន៍ផ្សេងទៀតទាំងអស់នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ការតាំងពិព័រណ៌នេះនឹងមានគម្រោងអភិវឌ្ឍន៍៦គម្រោងចូលរួមតាំងបង្ហាញក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ។ គម្រោងទាំងនេះរួមមាន៖ គម្រោងអរគីដេវីឡា បុរីជីបម៉ុងលែន បុរីប៉េងហួត គម្រោងPenthouse Residence គម្រោងសូរិន្ទភូមិ និងក្រុងមហ៊ុន CPL Properties Limited។”​

 

ជាមួយគ្នានឹងគ្នានោះនឹងមានវគ្គបណ្តុះបណ្តាលមួយចំនួននៅក្នុងព្រឹត្តិការណ៍ដែលនឹងនិយាយពីប្រធានបទ ផ្សេងៗគ្នា។ ប្រធានបទនីមួយៗនឹងត្រូវធ្វើបទបង្ហាញដោយវាគ្មិនសំខាន់មកពីប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ានទាំងប្រាំបីផ្សេងទៀត។ វាគ្មិនរួមមាន៖ ឯកឧត្តម ងួន សុខា អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត​ សុខ ស៊ីផាន់ណា ជាដៃគូគ្រប់គ្រងរបស់ក្រុម ហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw លោក​ Chenyi Chiu ជាគ្រប់គ្រងទូទៅនៃគម្រោង TK Royal Oneនិងទីប្រឹក្សាប្រធានសមាគមន៍ CVEA លោក Dato Kee Yong Wee ជាអតីតមេដឹកនាំសមាគមយុវជនចិន ចិនម៉ាឡេស៊ីមកពីប្រទេសម៉ាឡេស៊ី លោកឧកញ៉ាលី ហួរ ប្រធានសមាគមន៍អភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោក Harry Yeo ជាប្រធានវិទ្យាស្ថានភ្នាក់ងារអចលនទ្រព្យសិង្ហបុរី (IEA) លោក Erick Kho ជាអតីតប្រធានវិទ្យាស្ថានភ្នាក់ងារអចលនវត្ថុម៉ាឡេស៊ី (MIEA) លោកបណ្ឌិត Sopon Pornchokchai ប្រធានមូលនិធិវាយតម្លៃថៃ លោក Hartono Sarwono ប្រធានភ្នាក់ងារអចលនទ្រព្យ និងឈ្មួញកណ្តាលប្រទេសឥណ្ឌូនេស៊ី លោក Nguyen Tran Nam ជាប្រធានសមាគមន៍អចលនទ្រព្យជាតិវៀតណាម (VNREA) លោក William Floresta អនុប្រធានជាន់ខ្ពស់នៃសមាគមន៍ក្រុមប្រឹក្សាភិបាលអចលនទ្រព្យហ្វីលីពីន (PAREB) លោក Khin Maung Than ជាប្រធានសមាគមន៍សេវាកម្មអចលនទ្រព្យមីយ៉ាន់ម៉ា (MRESA) ឧកញ៉ា ចេង ខេង ជាប្រធានក្រុមព្រឹក្សាភិបាលសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land លោកជំទាវ  លីម ឈីវហូ ជាម្ចាស់ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

 

ព្រឹត្តិការណ៍នេះមានដៃគូផ្សព្វផ្សាយដូចជា Realestate.com.kh និងកាសែតឡារ៉ែន។ គ្រប់បណ្តាញទូរទស្សន៍កម្ពុជានឹងត្រូវបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នេះ។

 

ប្រធានបទដែលនឹងត្រូវពិភាក្សាក្នុងអំឡុងពេលព្រឹត្តិការណ៍នេះរួមមានដូចខាងក្រោម៖

 

 

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសសិង្ហបុរី ២០០៧-២០១៧ និង ២០១៧-២០២៧

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី ២០០៧-២០១៧ និង ២០១៧-២០២៧

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសថៃ២០០៧-២០១៧ និង ២០១៧-២០២៧

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ី ២០០៧-២០១៧ និង ២០១៧-២០២៧

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសហ្វីលីពីន ២០០៧-២០១៧ និង ២០១៧-២០២៧

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសវៀតណាម ២០០៧-២០១៧ និង ២០១៧-២០២៧

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ា ២០០៧-២០១៧ និង ២០១៧-២០២៧

  • ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ២០០៧-២០១៧ និង ២០១៧-២០២៧

  • បទពិសោធន៍ ៥០​​ឆ្នាំ ក្នុងវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ាន

  • ភាពជោគជ័យនៃបុរីវិមានភ្នំពេញ

  • ភាពជោគជ័យនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

  • សារៈសំខាន់នៃសុវត្ថិភាពក្នុងការសាងសង់សំណង់អគារខ្ពស់

  • តួនាទីនៃប្រទេសកម្ពុជាក្នុងតំបន់អាស៊ាន

 

សូមចុះឈ្មោះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ! ថ្លៃសំបុត្រចូលរួមទស្សនាគឺ១០០​ដុល្លារក្នុងម្នាក់។ សូមបញ្ជាក់ថាតម្លៃនេះនឹងរួមបញ្ចូលទាំងអាហារអាហារថ្ងៃត្រង់ពីរពេល និងអាហារសម្រន់មួនពេលនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ!

 

ស្វែងរកព័ត៌មានទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh!