គួរយល់ដឹងអំពីច្បាប់នៃគម្រោងអភិវឌ្ឍដីនៅកម្ពុជា

28 ខែ កញ្ញា ឆ្នាំ 2018, 11:20

ការអភិវឌ្ឍដីត្រូវគោរពតាមបទបញ្ញត្តិប្រើប្រាស់ដី ឬប្លង់គោលប្រើប្រាស់ដី ឬផែនការប្រើប្រាស់ដីក្នុងរាជធានី ក្រុង ទីប្រជុុំជន ដែលទីតាំងគម្រោងស្ថិតនៅ  និងលក្ខខណ្ឌច្បាប់ជាធរមាន។

ក្រសួងដែនរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី កាលពីថ្ងៃ​ទី២៥ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី។ ប្រកាសនេះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយប្រកាសនេះក៏នឹងតម្រូវឲ្យគ្រប់ការអភិវឌ្ឍដីរួមទាំងគម្រោងពុះដីឡូតិ៍ត្រូវតែអនុវត្តតាម។

គម្រោងដីឡូតិ៍តម្រូវឲ្យសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។

តាមលក្ខខណ្ឌច្បាប់ខាងក្រោមនេះជាផែនការសម្រាប់ការអភិវឌ្ឍដីដែលអ្នកអភិវឌ្ឍ ត្រូវគោរពតាម៖

១. ត្រូវរក្សាទុកផ្ទៃដី ២៥% នៃផ្ទៃដីសរុប សម្រាប់សាងសង់ហេដ្ឋារចនា ដូចជា​ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។

២. ត្រូវរក្សាទុកផ្ទៃដី១០%នៃផ្ទៃដីសរុប ឬ១០ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់​ សម្រាប់រៀបចំតំបន់សាធារណៈ និងតំបន់បៃតង ដូចជា៖ សួនច្បារសាធារណៈ កន្លែងលេងសម្រាប់កុមារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា និងកន្លែងកំសាន្ត។

៣. ត្រូវរៀបចំឲ្យមានកន្លែងផ្តល់សេវាជូនសាធារណជនឲ្យបានសមស្របដូចជា៖ សាលារៀន មណ្ឌលសុខភាព អគារដ្ឋបាល និងផ្សារ។

៤ . ត្រូវរៀបចំការអភិវឌ្ឍបៃតង ដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។

ទាក់ទងនឹងការប្រកាសប្រើប្រាស់ដីនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម ក៏បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាពអនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​៕

ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!