+855 92 92 1000
Logo
SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន
Updated on: June 6, 2022, 5:03 p.m.
Published on: May 24, 2018, 3:36 a.m.

SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន


ខណៈដែលឧស្សាហកម្មសាងសង់កំពុងវិវត្តន៍យ៉ាងខ្លាំងក្លានៅកម្ពុជាគេសង្កេតឃើញមានសំណង់អគារខ្ពស់ៗ និងការដ្ឋានសាងសង់ជាច្រើនជាពិសេសនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានសាងសង់រួចរាល់ រឺកំពុងសាងសង់យ៉ាងមមាញឹកដោយក្រុមហ៊ុនសំណង់នៅក្នុងស្រុក និងក្រៅស្រុក​។

នៅក្នុងបរិបទទីផ្សារដែលប្រកបដោយប្រកួតប្រជែងនេះ ពេលវេលាសាងសង់គឺជាកត្តា​ដ៏សំខាន់មួយរបស់ក្រុមហ៊ុនម៉ៅការសំណង់នានាដើម្បីចំណេញថវិកា និងពេលវេលា។ ដោយមើលឃើញពីកត្តានេះ​ក្រុមហ៊ុន SOMA Construction & Development Co., Ltd បានបង្ហាញពីសមត្ថភាពស្ថាបនាគម្រោងអគារខ្ពស់២៥​ជាន់ដែលមានល្បឿនលឿនគួរឲ្យកត់សម្គាល់។

ក្រុមហ៊ុនដែលមានបទពិសោធន៍លើវិស័យសាងសង់ជាច្រើនឆ្នាំនេះគឺជាក្រុមហ៊ុនម៉ៅការសាងសង់ផ្ទាល់លើគម្រោង​​ខុនដូរ one18 Residences  ដែលមានកម្ពស់ ២៥ ជាន់ និងមានជាន់ក្រោមដី៥ជាន់ស្ថិតនៅជិតស្តុប DN ដោយបាន​បង្ហាញនូវសន្ទុះសាងសង់លឿនខ្លាំងគួរឲ្យកត់សម្គាល់។ តាមរយៈអ្នកតំណាងក្រុមហ៊ុន SOMA Construction & Development Co., Ltd បានឲ្យដឹងថាក្រុមហ៊ុនប្រើប្រាស់រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះសម្រាប់បញ្ចប់ការងារគ្រឿងបង្គុំអគារ (Structure) ក្នុងមួយជាន់លើអគារនេះហើយបច្ចុប្បន្ននេះការងារគ្រឿងបង្គុំអគារទាំងមូលត្រូវបានធ្វើដល់ជាន់ទី២៥ហើយ។ អ្នកតំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថាការពិតណាស់សន្ទុះនៃការសាងសង់នេះពិតជាលឿននិងមិនចាញ់ក្រុមហ៊ុនសំណង់ក្រៅស្រុកជាពិសេសគឺក្រុមហ៊ុនសាងសង់មកពីចិនតែម្តង។

អ្នកតំណាងក្រុមហ៊ុនបានពន្យល់ប្រាប់ថា មានកត្តាមួយចំនួនដែលធ្វើឲ្យក្រុមហ៊ុនអាចសម្រេចលើការងារនេះដោយមានល្បឿនលឿនតួយ៉ាងដូចជា៖

- ការរៀបចំផែនការ: ក្រុមហ៊ុនបានរៀបចំផែនការយ៉ាងលម្អិតទាំងការចាត់ចែងធនធានមនុស្ស និងការងារត្រូវបញ្ចប់តាមថ្ងៃនីមួយៗ។ ក្រោយពីការដាក់ផែនការអ្នកដឹកនាំតាមក្រុមនិងប្រធានការដ្ឋានផ្ទាល់បានត្រួតពិនិត្យ និងវាយតម្លៃទៅលើការងារដែលសម្រេចបានថាតើវាបានឆ្លុះបញ្ជាំងទៅតាមផែនការឬទេចំណែកឯសកម្មភាពយឺតយ៉ាវត្រូវបានកែតម្រូវជាបន្ទាន់។

- កត្តាសម្ភារៈ: ការប្រើប្រាស់សម្ភារៈបានត្រឹមត្រូវនិងទៅតាមសក្តានុពលរបស់វាពិតជាពន្លឿនការងារបានច្រើន។ នៅក្នុងគម្រោងនេះផ្ទាល់ ក្រុមហ៊ុន SOMA Construction & Development បានប្រើប្រាស់ពុម្ភទំនើបៗដូចជា Euro form, Slip form និង Table form។

-     ធនធានមនុស្ស: វិស្វករ ជាង និងកម្មករនៅក្នុងក្រុមហ៊ុន SOMA Construction & Development   សុទ្ធតែមានបទពិសោធន៏បញ្ចប់គម្រោងគ្រឿងបង្គុំនៃគម្រោងធំៗជាច្រើន។  ដូច្នេះហើយភាពធ្នឹកនឹងការងារនិងការសហការធ្វើការងារជាក្រុមបានល្អបានធ្វើឲ្យការងារមានប្រសិទ្ធិភាពខ្ពស់។

អ្នកតំណាងក្រុមហ៊ុនបានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថាកត្តាជំរុញទាំងបីនេះមានសារៈសំខាន់និងប្រទាក់ក្រឡាគ្នាពោលគឺមិនអាចខ្វះខាតកត្តាណាមួយឡើយ។ តាមរយៈការគ្រប់គ្រងការងារបានល្អនិងមានភាពលឿនបែបនេះសូមអតិថិជនដែល​ចង់ស្ថាបនាគម្រោងសាងសង់នានាគួរងាកមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនសាងសង់ក្នុងស្រុកវិញម្តងត្បិតការងារមានល្បឿនលឿននិងគុណភាពល្អថែមទៀតផង»។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន SOMA Construction & Development​​ Co., Ltd មានបុគ្គលិក ជាង និងកម្មករជាង១,២០០នាក់ ដោយក្រុមហ៊ុនមានផ្តល់សេវាកម្មលើការម៉ៅការសាងសង់ សេវាពិភាក្សានិងគូរប្លង់ សេវាគ្រប់គ្រងគម្រោងនិងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យា Building Information Modeling (BIM)។ កន្លងមកក្រុមហ៊ុនបានសាងសង់គម្រោងធំៗមួយចំនួនដូចជា៖ គម្រោងផ្សារទំនើប AEON Mall 2 លើការងារគ្រឿងបង្គុំអគារ និងការងាររៀបអិដ្ឋនិងបូកសម្អាតជញ្ជាំង និងការងារការ៉ូជាដើម។ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានវត្តមានក្រុមហ៊ុននេះចូលរួមសាងសង់ផងដែរ។

សម្រាប់ព័ត៌មានទាក់ទងនឹងអចលនទ្រព្យ និងការអភិវឌ្ឍន៍សូមទាក់ទងមកកាន់ Realestate.com.kh

Comments