+855 92 92 1000
Logo
វិនិយោគិនចិនកំពុងគ្របដណ្ដប់លើទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ
Updated on: June 7, 2022, 3:17 a.m.
Published on: October 2, 2017, 12:17 a.m.

វិនិយោគិនចិនកំពុងគ្របដណ្ដប់លើទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ


ទំនាក់ទំនងវិជ្ជមានរវាងប្រទេសចិន និងកម្ពុជាកំពុងតែបង្កើតឳកាសកាន់តែច្រើនសម្រាប់វិនិយោគទុនចិនចូលមកទីផ្សារអចលនទ្រព្យកម្ពុជា។ សក្ដានុពលអភិវឌ្ឍន៍របស់កម្ពុជាត្រូវបានគេទទួលស្គាល់ដោយសារតែការអភិវឌ្ឍន៍ទីក្រុងនៅមានកម្រិតបើធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់អាស៊ាន។ គឺដោយសារតែកត្តាអស់ទាំងនេះហើយទើបប្រទេសចិនធ្វើការវិនិយោគយ៉ាងច្រើននៅក្នុងវិស័យមួយនេះជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងខេត្តព្រះសីហនុដែលវិនិយោគិនចិនកំពុងតែស្វះស្វែងទៅវិនិយោគ និងគ្រប់ដណ្ដប់ទីផ្សារនៅទីនោះ។

លោក នន ធីម ប្រធានផ្នែកលក់ និងជួលក្រុមហ៊ុន Sihanoukville Property លើកពីហេតុផលនៃការគ្របដណ្ដប់របស់ចិនមកលើទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុថាបច្ចុប្បន្នវិនិយោគិនចិន កំពុងគ្របដណ្ដប់លើទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុដោយចង់ប្រែក្លាយខេត្តទេសចរណ៍មួយនេះឱ្យទៅជាទីក្រុងចិននៅថ្ងៃអនាគត។

ខេត្តព្រះសីហនុធ្លាប់ជាមជ្ឈមណ្ឌលរបស់វិនិយោគិនអ៊ឺរ៉ុបដែលបានវិនិយោគ៧៥ភាគរយនៅក្នុងខេត្តនេះ។ យ៉ាងណាក៏ដោយជាមួយនឹងការហូរចូលវិនិយោគចិននាពេលថ្មីៗនេះប្រទេសចិនបានជំនួសអ៊ឺរ៉ុបដោយបានកាន់កាប់វិនិយោគ៦៥ភាគរយនៅខេត្តព្រះសីហនុ វិនិយោគិនចិនភាគច្រើនវិនិយោគលើកាស៊ីណូ ខុនដូ និងសណ្ឋាគារ។

ដោយសារតែការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍គម្រោងចិនធំៗ ដូចជា Blue Bay និង The Seagate Suites បានជ្រើសរើសខេត្តព្រះសីហនុដើម្បីធ្វើជាទិសដៅវិនិយោគរបស់គេ។

ស្ថិតនៅឆ្នេរជ័យជំនះខេត្តព្រះសីហនុ និងគ្របដណ្ដប់លើផ្ទៃដី ៤ ១២៦ ម៉ែត្រការ៉េ The Seagate Suite គឺជាគម្រោងចម្រុះខ្ពស់ជាងគេមុនគេបង្អស់នៅខេត្តព្រះសីហនុ។ បើកដំណើរការនៅខែមិថុនាឆ្នាំ២០១៧ The Seagate Suite ដែលមានកម្ពស់៤៥ជាន់គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូឆ្នាំ២០២០។

លោក អ៊ាម អ៊ាប (ធិន) ប្រធានគម្រោង The Seagate Suite ពិព័រណនាពីខេត្តព្រះសីហនុថាជាគុជដ៏មានតម្លៃមួយដុំរបស់កម្ពុជាដែលវិនិយោគិនជាច្រើនចង់ទៅវិនិយោគ។ លោក ធិន​ ជឿថាខេត្តមួយនេះមិនគ្រាន់តែជាទិសដៅទេសចរណ៍នោះទេតែវាផ្ដល់ឳកាសអាជីវកម្មដែលផ្ដល់ប្រាក់ចំណេញជាច្រើនផងដែរ។

លោក ធិន បន្ថែមថាបន្ទាប់ពីក្រុងភ្នំពេញយើងមើលឃើញថាក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងធំទីពីរខាងផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ គាត់ជឿថាដោយសារតែការអភិវឌ្ឍន៍ដ៏មានសក្ដានុពលនឹងមានតម្រូវការកាន់តែច្រើនចំពោះបន្ទប់ស្នាក់នៅនៅក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនេះគម្រោងសំខាន់មួយទៀតនៅក្នុងខេត្តព្រះសីហនុ គឺគម្រោង  Blue Bay កំពុងតែត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shu Jian Tian Yu Development Co។ ជាមួយនឹងទុនវិនិយោគចំនួន២០០លានដុល្លារនៅឆ្នាំ២០១៦គម្រោងខុនដូប្រណីតនេះនឹងត្រូវបញ្ជប់នៅខែធ្នូឆ្នាំ២០១៩។

កញ្ញា Chen Li ប្រធានផ្នែកលក់គម្រោង Blue Bay យល់ស្របផងដែរថា ខេត្តព្រះសីហនុ គឺជាទីតាំងវិនិយោគសំខាន់ជាងគេមួយនៅកម្ពុជា ដែលវិនិយោគិនកំពុងចាប់អារម្មណ៍។ កញ្ញា បញ្ជាក់ថា ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ បានលើក ទឹកចិត្តឱ្យ Blue Bay មកវិនិយោគនៅខេត្តព្រះសីហនុុ ហើយថាខេត្តមួយនេះនឹងក្លាយជា ទីក្រុងទេសចរណ៍ឈានមុខគេនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។

យ៉ាងណាក៏ដោយ ឥទ្ធិពលវិនិយោគចិនមកលើវិស័យអចលនទ្រព្យព្រះសីហនុបានជម្រុញអោយតម្លៃអចលនទ្រព្យទូទៅកើនឡើងខ្ពស់។ តម្លៃដីនៅក្បែរឆ្នេរដូចជាឆ្នេរអូត្រេសបានកើនឡើងពី ៧០០ ទៅ១,១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯតម្លៃអចលនទ្រព្យជួលវិញបានកើនឡើងទ្វេរដងធៀបនឹងពីរបីឆ្នាំមុន។ ប្រការនេះបានជម្រុញអោយវិនិយោគិនក្នុងស្រុក និងអ៊ឺរ៉ុបពិចារណាផ្លាស់ទៅតំបន់ដទៃ ដូចជានៅកំពតជាដើមដែលមានតម្លៃធូរថ្លៃជាង។

យ៉ាងណាក៏ដោយ លោក នន ធីម បានលើកពីការព្រួយបារម្មណ៍មួយចំនួនពីការហូរចូលច្រើនលើសលប់ពីវិនិយោគចិននៅក្នុងខេត្តព្រះសីហនុ។ លោកបារម្មណ៍ថានៅថ្ងៃអនាគតនៅពេលពួកគេគ្រប់គ្រងទីផ្សារបានហើយនឹងមានតែវិនិយោគិនចិនប៉ុណ្ណោះ ដែលគ្រប់គ្រងលើវិស័យអចលនទ្រព្យទាំងមូលនៅខេត្តព្រះសីហនុហើយពួកគេអាចនឹងតម្លើងតម្លៃជួលបច្ចុប្បន្នអោយរឹតតែខ្ពស់ថែមទៀតដែលប្រការនេះនឹងធ្វើអោយប្រជាជនកម្ពុជាមិនអាចទៅលេងខេត្តព្រះសីហនុទៀតបាននាឱកាសបុណ្យទានផ្សេងៗដូចជា៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងភ្ជុំបិណ្ឌជាដើម។

លោកក៏បារម្មណ៍ផងដែរពីអាជីវកម្មតូចតាចដូចជា អ្នកបើកកង់បី ឬម្ចាស់ហាងភោជនីដ្ឋាន ដែលនឹងត្រូវរងគ្រោះ នៅពេលចិនលែងប្រើប្រាស់សេវាកម្មនៅក្នុងស្រុកពេលដែលពួកគេមានសេវាកម្មផ្ទាល់ខ្លួន។ ទាំងនេះផ្ទុយគ្នាស្រលះពីពួកអ៊ឺរ៉ុបដែលរីករាយនឹងប្រើប្រាស់សេវាកម្មផ្ដល់ដោយប្រជាជននៅក្នុងស្រុក។

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅខេត្តព្រះសីហនុនៅលើគេហទំព័រ Realestate.com.kh

Click here to subscribe

Comments