+855 92 92 1000
Logo
វិស័យខុនដូ អាផាតមេន ការិយាល័យ និងផ្សារទំនិញនៅក្នុងឆមាសទី២ ឆ្នាំ២០១៩
Updated on: June 1, 2022, 9:06 p.m.
Published on: July 17, 2019, 4:53 a.m.

វិស័យខុនដូ អាផាតមេន ការិយាល័យ និងផ្សារទំនិញនៅក្នុងឆមាសទី២ ឆ្នាំ២០១៩


ការវិនិយោគលើវិស័យសំណង់កំពុងកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០១៩ ទុនវិនិយោគសរុបត្រូវបានគេរំពឹងថា​នឹងកើនឡើង ៤.៨  ពាន់លានដុល្លារ ដែលនឹងមានគម្រោងសាងសង់ប្រមាណ ១,៩០០ គម្រោង។ ជាក់ស្តែងក្នុងរយៈ ៤ ខែដំបូង​ ឆ្នាំ២០១៩ ពោលគឺពីខែ មករា ដល់ខែមេសា ទឹកប្រាក់វិនិយោគ មាន ២.៧ ពាន់លានដុល្លារ និងមានគម្រោងជាង ១,៣០០ គម្រោង ដែលបានទទួលសិទ្ធិអនុញ្ញាតសាងសង់ជាផ្លូវការ។ 

វិស័យសំខាន់ៗនៅក្នុងទីផ្សារអចលនទ្រព្យ ដែលជានិន្នាការថ្មីថ្មោងនៅឡើយសម្រាប់កម្ពុជា ដូចជា ខុនដូ ការិយាល័យ ផ្សារលក់រាយ និងអាផាតតមេនជាដើម កំពុងត្រូវបានគេយកចិត្តទុកដាក់បំផុត។ យកចិត្តទុកដាក់ដោយហេតុថា វានៅមានលក្ខណៈក្មេងខ្ចី ប៉ុន្តែពោពេញដោយសក្តានុពលវិនិយោគ។ 

វិស័យខុនដូ

យោងតាមរបាយការណ៍ CBRE Camboida ឆមាសមាសទី ២ បានឲ្យដឹងថា គម្រោងខុនដូចំនួន៨ ថ្មី ដែលបានប្រកាស សាងសង់នៅក្នុងឆមាសទី២ ឆ្នាំ២០១៩ ដែលធ្វើឲ្យការផ្គត់ផ្គង់កើនឡើងជាង ៥,៨០០ យូនីត។ ចំណែកសម្រាប់គម្រោងដែលបានសាងសង់រួចមានចំនួន ៥ គម្រោង ដែលបានដាក់បន្ថែមការផ្គត់ផ្គង់ចំនួន ១,៣៩៣ យូនីតក្នុងឆមាសទី២ នៃឆ្នាំ២០១៩នេះ។ ការកើនឡើងនេះមានចំនួន ៩.១៣%។

ខុនដូត្រូវបានបែងចែកជា ៣ ប្រភេទ មានដូចជា ខុនដូតម្លៃទាប ដែលមានតម្លៃជាមធ្យម ១,៥០១ ដុល្លារ/ម៉ែត្រការ៉េ ខុនដូតម្លៃមធ្យម ដែលមានតម្លៃជាមធ្យម ២,៥៦៨ដុល្លារ/ម៉ែត្រ ការ៉េ និងប្រភេទខុនដូលំដាប់ខ្ពស់ ដែលមានតម្លៃ ៣,២៥៤ ដុល្លារម៉ែត្រការ៉េ។ 

ផ្អែកតាមរបាយការណ៍ដដែលនេះ តម្លៃនៃការលក់ខុនដូលំដាប់ខ្ពស់ និងមធ្យមបានធ្លាក់ចុះក្រោម ១% ខណៈតម្លៃលក់ខុនដូតម្លៃទាបកើនឡើងដល់ ១.៩%។ 

សម្រាប់ការជួល ត្រូវបានគេមើលឃើញថាបានកើនឡើងដល់ទៅ ៣% សម្រាប់ខុនដូលំដាប់ខ្ពស់ និង ៤.៣% ចំពោះខុនដូតម្លៃមធ្យម ក្នុងនោះតម្លៃជួលរបស់ខុនដូលំដាប់ខ្ពស់មានតម្លៃជួលជាមធ្យម ១៤.៦១ ដុល្លារ /មែ៉ត្រការ៉េ និងខុនដូមធ្យមមានតម្លៃ ១២ ដុល្លារ/ម៉ែត្រការ៉េ។

វិស័យការិយាល័យ

ចំពោះការផ្គត់ផ្គង់គម្រោងការិយាល័យ ត្រូវបានគេបែងចែកជា ២ ប្រភេទ ដូចជា ប្រភេទការិយាល័យឯកកម្មសិទ្ធិ និងសហកម្មសិទ្ធិ។ ក្នុងការផ្គត់ផ្គង់ត្រឹមឆមាសទី ២ នេះ ការិយាល័យឯកកម្មសិទ្ធិនេះមានទំហំផ្គត់ផ្គង់សរុបរហូតដល់ ៣៥៩,០០០ មែត្រការ៉េ។ ក្នុងនោះកម្រិតនៃការកាន់កាប់ការិយាល័យឯកកម្មសិទ្ធិ បើគិតត្រឹមឆមាសទី២នេះ មានចំនួន ៨៦.៥% ដែលជាតួលេខមួយមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់។

ចំណែកការិយាល័យឯកកម្មសិទ្ធិកម្រិត C មានការធ្លាក់ចុះ ៥.៩% ក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ ពោលគឺនៅឆមាសទី ១ មានទំហំ ១៩០,៥៦៥ មែត្រការ៉េ ចំណែកឆមាសទី២ មាន ១៧៩,៣០៩ មែត្រការ៉េ។ 

សម្រាប់ការិយាល័យសហកម្មសិទ្ធិ ត្រូវបានគេឃើញថាការបញ្ចប់របស់គម្រោង ស្តារ ស៊ីធី បានជំរុញកើនផ្តត់ផ្គង់ចំនួន ៥១% ដែលមានទំហំផ្គត់ផ្គង់ដល់ទៅ ៤០.៥០០ មែ៉ត្រការ៉េ។ ការផ្គត់ផ្គង់នេះ នឹងបន្តកើនឡើងថែមទៀត នៅពេលដែលគម្រោងផ្សេងៗទៀតត្រូវបានបញ្ចប់ដូចជា គម្រោង Versailles Square ដែលមានទំហំផ្តត់ផ្គង់ចំនួន ១១,២៦០ មែ៉ត្រការ៉េ។

ចំណែកការជួលវិញ ការិយាល័យឯកកម្មសិទ្ធិ កម្រិត B ដែលនៅក្នុងតំបន់ពាណិជ្ជកម្ម បាននកើនឡើងចំនួនជិត ១% និងនៅតំបន់មិនមែនពាណិជ្ជកម្ម កើនឡើងប្រមាណ ៤.៧% ចំណែកកម្រិតC ដែលនៅក្នុងតំបន់មិនមែនពាណិជ្ជកម្មកើនឡើងប្រមាណ៤.២% ឃើញកំណើនកើនឡើង នៅពេលដែលការិយាល័យឯកកម្មសិទ្ធិ កម្រិត C ដែលនៅតំបន់មិនមែនពាណិជ្ជកម្ម ធ្លាក់ចុះចំនួនប្រមាណ ២.៦%។ 

វិស័យផ្សារលក់រាយ

ផ្អែកតាមរបាយការណ៍នេះ ការផ្គត់ផ្គង់វិស័យលក់រាយ បានការកើនឡើងរហូតដល់ ៧%ក្នុងឆមាសទី២នេះ។ ក្នុងនោះគម្រោងដែលទើបតែបានបញ្ចប់មានដូចជា ផ្សារទំនើបអូឡាំព្យា និងផ្សារទំនើបមីតថោន។ ស្របពេលជាមួយគ្នានេះផ្សារទំនើប (Shopping Mall) បានកើនឡើងតែ ៤% ប៉ុណ្ណោះ ស្របពេលដែលផ្សារសហគមន៍បានធ្លាក់ចុះចំនួន ៥.៧% និងផ្សារលក់ធម្មតា (Retail Podium) ក៏ធ្លាក់ចុះចំនួន ៤% ផងដែរ។ ចំណែកការកាន់កាប់វិញ មានចំនួន ៧.៩% នៃការផ្គត់ផ្គង់សរុបដែលថយចុះបន្តិចពីឆមាសទី១។

វិស័យអាផាតមេន

ការផ្គត់ផ្គង់ មានការកើនឡើងរហូតដល់ ៣៤% ជាមួយនឹងការបញ្ចប់គម្រោង Alpha Residence និង The View Apartment។ យោងតាមរបាយការណ៍នេះ បង្ហាញថាតំបន់តំបន់ ៣ ដែលមានការផ្គត់ផ្គង់ច្រើនជាងគេនៅទីក្រុងភ្នំពេញ រួមមាន៖ បឹងកេងកង១ ដូនពេញ និងទន្លេបាសាក់។ សម្រាប់បឹងកេងកង១ ការផ្គត់ផ្គង់មានរហូតដល់ ៣៨% ដូនពេញចំនួន ២៦% និងទន្លេបាសាក់ចំនួន១៤%។ ការផ្គត់ផ្គង់ក៏មាននៅតាមតំបន់ផ្សេងៗ ដូចជាទួលគោក មានចំនួន៤% និងទួលទំពូងមានចំនួន៦%។ 

ស្វែងរកខុនដូសម្រាប់លក់នៅក្នងទីក្រុងភ្នំពេញ ការិយាល័យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃនេះ! 

Comments