+855 92 92 1000
Logo
ជប៉ុនតាំងបង្ហាញស្នាដៃស្ថាបត្យកម្មខ្មែរសម័យទំនើបដល់យុវជនកម្ពុជា
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 5:47 a.m.

ជប៉ុនតាំងបង្ហាញស្នាដៃស្ថាបត្យកម្មខ្មែរសម័យទំនើបដល់យុវជនកម្ពុជា


ស្ថាបត្យកម្មខ្មែរបានទទួលភាពល្បីល្បាញយ៉ាងខ្លាំងក្នុងអំឡុងទសវត្សឆ្នាំ៦០ក្រោមស្ថាដៃនៃការសាងសង់ដ៏ ល្អប្រណិតរបស់លោក វណ្ណ ម៉ូលីវណ្ណ។ លោក​បានកសាងនូវស្នាដៃស្ថាបត្យកម្មជាច្រើនក្នុងសម័យដែលលោកទទួលភារៈកិច្ចជាអ្នកគ្រប់គ្រងការសាងសង់ និងជាអ្នករចនាប្លង់សម្រាប់គម្រោងជាច្រើនទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស។

នៅពេលគេនិយាយពីការសាងសង់របស់លោក វណ្ណ ម៉ូលីវណ្ណ គេតែងតែកោតសរសើរពីលក្ខណៈ​ពិសេសនៃសំណង់ដែលរំលេចចេញពីបែបផែនរបស់ខ្មែររួមផ្សំជាមួយនឹងលក្ខណៈធម្មជាតិដែលក្នុងពេលនោះត្រូវបានគេទទួលស្គាល់ថាជា “ស្ថាបត្យកម្មខ្មែរសម័យទំនើប”។

ជប៉ុនជាប្រទេសមួយដែលបានចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងផ្នែកស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជានាសម័យនោះ ផងដែរ។​

ក្នុងពេលថ្មីៗនេះក្រោមកិច្ចសហប្រតិបត្តិការរៀបចំរវាងសាកលវិទ្យាល័យ Kyushu របស់ជប៉ុន និងក្រសួងវប្បធម៌​​​ និងវិចិត្រសិល្បៈ សារៈមន្ទីរជាតិកម្ពុជា និងភ្នាក់ងារជប៉ុន The Japan Foundation ជាមួយនឹងការជ្រោមជ្រែងរបស់សាកលវិទ្យាល័យរដ្ឋរបស់កម្ពុជាបានរៀបចំការតាំងពិព័រណ៍មួយស្តីអំពី New Khmer Architecture and Japan ឫស្ថាបត្យកម្មខ្មែរសម័យទំនើប និងជប៉ុន។

ការតាំងពិព័រណ៍នេះត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦​ ខែមិនា ឆ្នាំ ២០១៧​ នៅសារៈមន្ទីរជាតិ​ភ្នំពេញ។ ការតាំងពិព័ណ៍នេះគឺដើម្បីបង្ហាញពីស្ថាបត្យកម្មខ្មែរ និងជប៉ុន​ក្នុងអំឡុងទសវត្សឆ្នាំ១៩៥០​ដល់៦០ដែលក្នុងនោះចង់បង្ហាញថា អ្នកជំនាញការជប៉ុន​បានធ្វើការសហការគ្នាជាមួយលោក វណ្ណ ម៉ូលីវណ្ណ ក្នុងសកម្មភាពនៃការសាងសង់សំណង់សំខាន់ៗមួយចំនួននៃស្ថាបត្យកម្មកម្ពុជាចាប់តាំងពីការបង្កើតប្លង់​នៃគម្រោង ការសិក្សាគម្រោង ការធ្វើផែនការសម្រាប់ទីក្រុងរហូតទៅដល់ការសាងសង់ គម្រោងទាំងមូល។​ យើងបានឃើញគម្រោងជាច្រើនដែលបានសហការជាមួយជប៉ុនដោយគម្រោងខ្លះបានបញ្ចប់ ខ្លះមិនទាន់បានបញ្ចប់ យោងទៅតាមឯកសារដើមដែលបានរកឃើញនៅប្រទេសជប៉ុន។

ឆ្លើយតបទៅនឹងគោលបំណងនៃការតាំងពិព័រណ៍ស្នាដៃស្ថាបត្យកម្មនេះ លោក Masaaki Iwamoto, បាននិយាយថានេះជាពិព័រណ៍លើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយការតាំងពិព័រណ៍នេះគឺចង់ឲ្យយុវជន និងសិស្សនិស្សិតខ្មែរជំនាន់ក្រោយ ជាពិសេសអ្នកដែលសិក្សាផ្នែកជំនាញស្ថាបត្យកម្មបានស្វែងយល់ពី លក្ខណៈពិសេសនៃស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរក្នុងទសវត្សកន្លងមក។

លោកបានបន្តថា ទាំងនេះជាស្នាដៃជំនាន់មុនរ​បស់កម្ពុជាប៉ុន្តែវាក៏នៅតែជាអ្វីដែលថ្មីបំផុតដែលប្រជាជនខ្មែរជំនាន់ក្រោយមិនដឹងទាល់តែសោះ។

នៅក្នុងការពិព័រណ៍នេះមានគម្រោងសរុបទាំងអស់ចំនួន៩ ដែលក្នុងនោះរួមមានគម្រោងចំនួន៧​បានបញ្ចប់ការសាងសង់ដែលមានដូចជា៖ គម្រោងពន្លារបស់ប្រទេសកម្ពុជាក្នុងពិព័រណ៍អូសាកា គម្រោងស្ពានជ្រោយចង្វារ គម្រោងមជ្ឍមណ្ឌលកសិកម្មនិងវេជ្ជសាស្ត្រ គម្រោងសាលមហាស្រពព្រះសុរាម្រិត ប្លង់មេមាត់ទន្លេបាសាក់ (អគារប៊ូឌិញ) ប្លង់មេក្រុងព្រះសីហនុ និងសាលសន្និសីទចតុមុខ។

គម្រោងចំនួនពីរមិនបានដំណើរការសាងសង់ឡើយគម្រោងដែលមិនបានសាងសង់នោះមានដូចជា៖សភាកម្ពុជានៅទួលគោក ដែលបានសហការជាមួយក្រុមហ៊ុនសាជីវកម្មអូបាយ៉ាស៊ី និងគម្រោងពហុកីឡាដ្ឋានអូឡាំពិក (ពេលនោះប្លង់គម្រោងពហុកីឡាដ្ឋានអូឡាំពិកមានពីរមួយគូរជាមួយជប៉ុន មួយគូរជាមួយបារាំង ហើយប្លង់ដែលគូរជាមួយបារាំងត្រូវបានជ្រើសយក មក សាងសង់)។

អ្នកចូលរួមក្នុងការតាំងពិព័រណ៍នេះមានសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន សាធារណៈជនទូទៅនិងមានជនបរទេសផងដែរ។ លោក​ កែវ ស៊ីថា ជា​និស្សិតឆ្នាំទី៣ជំនាញស្ថាបត្យកម្មបាននិយាយដោយភាពរីករាយថានេះជាឱកាសដ៏ល្អមួយដែលលោកបានឃើញប្លង់នៃគម្រោងផ្សេងៗគ្នារបស់លោក វណ្ណ ម៉ូលីវណ្ណ។ នេះគឺជាលើកដំបូងរបស់ខ្ញុំដែលបានឃើញប្លង់គម្រោងទាំងនេះដោយផ្ទាល់វាពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំមានការចាប់អារម្មណ៍ស្ទើរតែគ្រប់គម្រោង​នីមួយៗគឺនៅត្រង់ថាវាត្រូវ​បានគូរយ៉ាងលម្អិតនិងមានភាព​ស្មុគស្មាញបំផុត។ បើមើលទៅលើប្លង់ខ្ញុំគិតថាលោក វណ្ណ ម៉ូលីវណ្ណ ចេះយ៉ាងច្បាស់ទាំងជំនាញក្នុងការគូរប្លង់​ និងជំនាញនៃការសាងសង់ (Architecture and Engineer)។”

មួយវិញទៀតលោកបានលើកឡើងដែរថានៅសាលាមួយចំនួនគឺមិនបានបង្រៀនយ៉ាងលម្អិតបែបនេះឡើយដោយលោកបញ្ជាក់ ថាកម្រិតនៃការបង្រៀនគូរប្លង់គឺមានលក្ខណៈងាយស្រួលជាងនេះ។

លោក សំ សុម៉ាណិត ជានិស្សិតផ្នែកស្ថាបត្យកម្មឆ្នាំទី៥ នៅសាលាភូមិន្ទវិចិត្រសិល្បៈ បានលើកថាតាមការពិតទៅនៅសាលាដែលលោករៀនគឺមានបង្រៀនការគូរប្លង់លក្ខណៈលម្អិតបែបនេះដែរ ហើយវាពិតជាមានការលំបាកក្នុងការស្វែងយល់ខ្លាំងណាស់។ តែទោះយ៉ាងណា ការយល់ ឬ មិនយល់លើចំណុចដ៏ស្មុកស្មាញមួយនេះគឺអាស្រ័យការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ប៉ុណ្ណោះ។

លោក សុម៉ាណិតបាននិយាយថាអ្វីដែលខ្ញុំកោតសរសើរចំពោះលោក វណ្ណ ម៉ូលីវណ្ណគឺការគូរប្លង់ទាំងអស់នេះដោយដៃផ្ទាល់ខ្ញុំប្រើប្រាស់កុំព្យូទ័រនៅតែមានអារម្មណ៍ពិបាក។ ខ្ញុំចាប់អារម្មណ៍បំផុតនោះគឺការចនាម៉ូត​ និងទម្រង់នៃសំណង់ដែលទាំងនេះបានកើតចេញពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ។

នេះពិតជាការតាំងពិព័រណ៍ល្អមួយសម្រាប់អ្នកដែលរៀនជំនាញស្ថាបត្យកម្ម។ ខ្ញុំចូលចិត្តការតាំងពិព័រណ៍នេះខ្លំាងណាស់លោក ហ៊ុន ចាន់សាន ជានាយកនៃក្រុមហ៊ុន Re-edge architecture and design​​ បានចូលរួមក្នុងពិព័រណ៍នេះផងដែរ។ លោកបាននិយាយថា “ខ្ញុំមានការភ្ញាក់ផ្អើលដែលជប៉ុនក៏បានចូលរួមជាមួយការងាររបស់ លោក វណ្ណ ម៉ូលីវណ្ណ ដែលនៅពេលនោះដែរ វាប្រហែលដោយសារឥទ្ធិពលនយោបាយ និងការធ្វើជំនួញ។

លោកបន្ថែមទៀតថា​ខ្ញុំគិតថានេះជាពិព័រណ៍ដ៏ល្អមួយដែលបានបង្ហាញពីការសហការគ្នាក្នុងវិស័យស្ថាបត្យកម្ម​យើងអាចរៀនសូត្របន្ថែមពីប្លង់នីមួយៗដែលបានដាក់បង្ហាញទាំងនេះ។ ហើយស្របពេលនេះខ្ញុំក៏មានគំនិតក្នុងការរចនាគម្រោងរបស់ខ្ញុំទៅតាមលក្ខណៈបែបនេះផងដែរ៕”

ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យសំខាន់តាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments