+855 92 92 1000
Logo
ហេតុអ្វីផ្លូវជាតិលេខ ៤ មានសក្តានុពលសម្រាប់ការវិនិយោគ?
Updated on: June 6, 2022, 11:18 p.m.
Published on: September 18, 2019, 4:16 a.m.

ហេតុអ្វីផ្លូវជាតិលេខ ៤ មានសក្តានុពលសម្រាប់ការវិនិយោគ?


អត្ថបទព័ត៌មានផ្លូវជាតិលេខ៤

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាត្រូវបានមើលឃើញថាមានការប្រែប្រួលប្រសើរជាងមុន​ ពិសេសប្រព័ន្ធផ្លូវសេដ្ឋកិច្ចសំខាន់ៗ ដែលភ្ជាប់ពីភ្នំពេញ ទៅបណ្តាខេត្តនានា ដូចជា ក្រុងព្រះសីនុ​ កំពត បាវិត ប៉ោយប៉ែត ។ល។ ក្នុងចំណោមបណ្តាញផ្លូវជាតិទាំងអស់នេះ សុទ្ធតែមានសក្តានុពល សម្រាប់ការវិនិយោគគ្រប់ទម្រង់ និងគ្រប់វិស័យ និងការរស់នៅ។ 

ទោះជាយ៉ាងណា បើសំឡឹងមកផ្លូវជាតិលេខ ៤ វិញ ផ្លូវជាតិលេខ ៤ នៅតែត្រូវបានចាត់ទុកថា មានសក្តានុពលខ្លាំងជាងបណ្តាផ្លូវផ្សេងៗ ដោយសារតែកត្តាមួយ ដែលលេចធ្លោជាងគេ គឺផ្លូវអាស៊ានមួយខ្សែរនេះ បានភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ (នេះជាចំណុចខ្លឹមជាងគេ សម្រាប់សេដ្ឋកិច្ច)។

ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវហាយវ៉េ និងជាផ្លូវអាស៊ាន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។

ក្នុងរយៈពេល ០៥ ឆ្នាំចុងក្រោយនេះ ផ្លូវជាតិលេខ ៤ កំពុងតែមានទាក់ទាញផ្នែកវិនិយោគទាំង គម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងបុរី (ទាំងការរស់នៅ និងការប្រកបអាជីវកម្ម) គម្រោងការ៉ាសសាំង ម៉ាត ផ្សារ មន្ទីរពេទ្យអន្តរជាតិ និងក្នុងស្រុក សាលារៀន ព្រោងព្រាតនៅតាមដងផ្លូវជាតិមួយនេះ។ 

តំបន់សក្តានុពលភ្នំពេញ - ច្បារមន

នៅចន្លោះពីរាជធានីភ្នំពេញ ទៅក្រុងច្បារមននៃខេត្តកំពង់ស្ពឺ គេឃើញមានគម្រោងធំៗ ជា ច្រើនកំពុង តែលេចខ្លួននៅលើដងវិថីនេះ និងនៅតំបន់ជិតផ្លូវដ៏សំខាន់មួយនេះ មានដូចជា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលត្រឹមចុងឆ្នាំ២០១៨ មានរោងចក្រ ៣៧៧ រោងចក្រ ដែលបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរចំនួន ១១៤,១៧៣កន្លែង បុរីពិភពថ្មី បុរីញ៉ូថោន និងផ្សារ  ទីប្រជុំជន មានដូចជា តំបន់ផ្សារបែកចាន តំបន់ថ្នល់ ទទឹង តំបន់អង្គស្នួល និងតំបន់ច្បារមន នៃខេត្តកំពង់ស្ពឺ។ 

ពិសេសគម្រោងលំនៅដ្ឋាននៅតំបន់តាមដងវិថីនេះ កំពុងតែរីកស្គុះស្គាយ គួរអោយកត់ សម្គាល់ខ្លាំង ខណៈផ្លូវជាតិផ្សេងៗទៀត មាន ល្បឿននៃការអភិវឌ្ឍយឺតជាងផ្លូវអាស៊ានមួយនេះ។ 

ក្រុមហ៊ុនតេលាក៏មានគម្រោងដ៏ធំមួយនៅតាមផ្លូវជាតិលេខ៤នេះ។ តាមរយៈទំព័រហ្វេក បុករបស់ក្រុមហ៊ុន ក្រុមហ៊ុនកម្ពុជាតេលា បញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងសាងសង់គម្រោង One Stop Service ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៤ (ចំណុចគីឡូម៉ែត្រលេខ២៦) ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

គម្រោង One Stop Service នេះនឹងបម្រើជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិដែលធ្វើដំណើរឆ្លងកាត់ជាកន្លែងចាក់ប្រេងឥន្ធនៈ កន្លែងឈប់សម្រាកលំហែកាយ ពិសារអាហារ ទិញទំនិញ និងផ្លែឈើស្រស់ៗ។ 

នៅលើកំណាត់ផ្លូវ និងជិតផ្លូវនេះ ចាប់ពីតំបន់យាយម៉ៅ (ពេជ្រនិល) រហូតដល់ក្រុងព្រះសីហនុ គេឃើញគម្រោងព្រោងព្រាតរបស់ខ្មែរ ចិន កូរ៉េ (ពិសេសគម្រោងរបស់ចិន) បានសាងសង់ និងកំពុងសាងសង់យ៉ាងមមារញឹក មានទាំងតំបន់ សេដ្ឋកិច្ចពិសេស រោងចក្រខ្នាតតូច មធ្យម និងធំ ការ៉ាសសាំង ដេប៉ូ ហាងកាហ្វេប្រែន រមនីយដ្ឋាន កសិដ្ឋាន អាហារដ្ឋាន គម្រោងដីឡូត៍ និងលំនៅដ្ឋានកើតឡើងព្រោងព្រាត គួរអោយ កត់សម្គាល់ ដែលបានធ្វើអោយប្រជាជន និងអ្នកវិនិយោគ ហាក់សម្តែងការចាប់ខ្លាំងលើការរស់នៅ និងវិនិយោគ លើដងផ្លូវមួយនេះ ដោយសារតែមើលឃើញសក្តានុពល និងការអភិវឌ្ឍមិនចេះរីងស្ងួត ។

បើនិយាយពីតំបន់ឧស្សាហកម្មវិញ ផ្លូវនេះអាចចាត់ទុកថា ជាផ្លូវទីមួយ ដែលសំបូររោងចក្រ និងសិប្បកម្ម ច្រើនជាងគេ (នៅតំបន់ អង្គស្នួល បែកចាន និងថ្នល់ទទឹង) ដោយសារតែអ្នកវិនិយោគទាំងអស់នោះមើលឃើញថា វាមានភាពងាយស្រួលក្នុងការចរាចរទំនិញគ្រប់ប្រភេទទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិចិនតុង) និងទីក្រុងភ្នំពេញផ្ទាល់ផងដែរ។ ហេតុនេះហើយបានជាអ្នកវិនិយោគភាគច្រើនសំលឹងឃើញ​ស្រដៀងគ្នាទៅលើចំណុចខ្លាំង និងសក្តានុពលនៃដងផ្លូវមួយនេះ។ 

មួយវិញទៀត តម្លៃដីនៅផ្លូវនេះ និងជិតផ្លូវអាស៊ានមួយនេះក៏នៅធូរថ្លៃអាចធ្វើការវិនិយោគយកចំណេញបានទាំងការទិញដីទុកលក់បន្ត និងការទិញសម្រាប់សង់រោងចក្រឧស្សាហកម្ម ការ៉ាសាំង គម្រោងលំនៅដ្ឋាន បុរី ឬពុះដីឡូត៍​លក់ជាដើម។ល។

តម្លៃដីនៅតាមផ្លូវជាតិលេខ៤ 

ផ្លូវលេខ ៤ ញ៉ូថោន

ដីទំហំតូចក្រោម ៥,០០០ ម៉ែត្រការ៉េមានតម្លៃចាប់ពី ៣០០ ដុល្លារ ដល់ ៥០០ដុល្លារ ក្នុងមួយម៉ែត្រ ការេ និងតម្លៃចាប់ពី ៥០ ដុល្លារដល់ ៣០០ ដុល្លារ សម្រាប់ដីដែលមានទំហំចាប់ពី ៥,០០០ម៉ែត្រការ៉េ ឡើងទៅអាស្រ័យទៅតាមទីតាំង  (ជិត ឬឆ្ងាយពីក្រុង ជិត ឬឆ្ងាយពីទីប្រជុំជន ស្ថិតនៅជិត ឬឆ្ងាយពីតំបន់ដែលមានការអភិវឌ្ឍជាដើម) រូបរាងដី សណ្ឋានដី (ដីរាបស្មើ ដីទំនាប ឬដីលិចទឹក ជាដើម) និងកម្មសិទ្ធិ។ល។ 

បើតាមការរំពឹងទុករបស់អ្នកជំនាញ តម្លៃដីនៅលើដងផ្លូវនេះ នឹងមានកំណើន ១ គុណ ២ ដង ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំ ទៀតនៅតំបន់ខ្លះ នៃដងផ្លូវនេះអាចមានកំណើនដល់ ១ គុណនឹង៣​ ឬគុណនឹង ៤ដង ឯណោះក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំ ទៀត។

នៅលើដងផ្លូវនេះ មានសកម្មភាពអាជីវកម្មគ្រប់ទម្រង់ និងការផ្គត់ផ្គង់គ្រប់វិស័យ មានទាំងគម្រោងលំនៅដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស មន្ទីរពេទ្យអន្តរជាតិ រោងចក្រ បុរី គម្រោងដីពុះឡូត៍ ការ៉ាសសាំង ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្សារ សាលារៀន មណ្ឌលសុខភាព កំពុងតែរីកដុះដាលដូចផ្សិតលើដងផ្លូវដ៏មានចំណាប់អារម្មណ៍មួយនេះ។

គម្រោងដីឡូត៍តាមផ្លូវលេខ៤ 

សម្រាប់គម្រោងដីឡូត៍វិញ នៅលើដងផ្លូវមួយនេះ និងក្បែរផ្លូវអាស៊ានមួយនេះ ត្រូវបានគេមើលឃើញថា វាបានចាប់កំណើត និងមានកំណើនមុន គេបង្អស់តាំងពី ៧-៨ឆ្នាំ មុនម្លេះ ខណៈតំបន់ផ្សេងៗ ឬលើដងផ្លូវផ្សេងៗទើបតែចាប់ផ្តើមប្រហែល ៤-៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។

អ្វីដែលគួរអោយកត់សម្គាល់បន្ថែមនោះ គឺផ្លូវជាតិលេខ ៤ នេះនឹងត្រូវស្ថាបនាពង្រីកបន្ថែមអោយទៅជា ៤ គន្លងក្នុងដើមឆ្នាំ២០១៩ ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១១០ លានដុល្លារ សហរដ្ឋអាមេរិក (កម្ចីពីធនាគារពិភពលោក)  ដោយពង្រីកតួរផ្លូវបច្ចុប្បន្នពីទំហំ ៧ ម៉ែត្រ ទៅ ១១ ម៉ែត្រ ដោយប្រើរយៈពេលស្ថាបនាជួសជុលរយៈពេល ១៨ ខែ។

ជារួម ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងការនាំចេញ និងនាំចូលកំពង់ផែក្រុងព្រះសីហនុ  ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរាជធានីភ្នំពេញ ក៏ដូចជាការចរាចរណ៍គ្រប់ប្រភេទនៃរថយន្ត និងអ្នកដំណើរ។ ផ្លូវជាតិលេខ ៤ ជាផ្លូវអាស៊ានដ៏សំខាន់ និងជាផ្លូវល្បឿនលឿន (ផ្លូវហាវេ) មួយក្នុងចំណោមផ្លូវហាយវ៉េសំខាន់ៗរបស់ប្រទេស កម្ពុជា ។

នៅប្រទេសកម្ពុជាមានបណ្តាញផ្លូវជាតិសំខាន់ៗ ០៧ ខ្សែមាន៖

ស្លាកសញ្ញាតាមផ្លូវ

  • ផ្លូវជាតិលេខ ១ ពីភ្នំពេញទៅក្រុងបាវិត កាត់តាមអ្នកលឿង និង ខេត្តស្វាយរៀងមានប្រវែង ១៦៧ គឺឡូម៉ែត។
  • ផ្លូវជាតិលេខ ២ ពីភ្នំពេញទៅភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គឺឡូម៉ែត។
  • ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពត មានប្រវែង ២៦០ គឺឡូម៉ែត។
  •  ផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត។
  • ផ្លូវជាតិលេខ៥ ពីភ្នំពេញទៅអូរជ្រៅកាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រវែង ៤០៨ គឺឡូម៉ែត ។
  • ផ្លូវជាតិលេខ៦ ពីព្រែកក្តាមទៅខេត្តបន្ទាយមានជ័យ កាត់តាមខេត្តកំពង់ធំ និង ខេត្តសៀមរាប ប្រវែង ៣៨៦ គឺឡូម៉ែត
  • ផ្លូវជាតិលេខ៦A ពីរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ទៅដល់ រង្វង់ទីរួមស្រុកជើងព្រៃ កាត់តាម ខេត្តកណ្ដាល និងខេត្តកំពង់ចាម ដែលមានប្រវែង ១២៧ គីឡូម៉ែត្រ។
  • ផ្លូវជាតិលេខ៧ ពីស្គន់ទៅខេត្តស្ទឹងត្រែង កាត់តាមស្រុកស្នួល ប្រវែង ៥៤៣ គឺឡូម៉ែត។

តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជាអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh! 

ចុះឈ្មោះចូលរួមពិព័រណ៍អចលនទ្រព្យ

Comments