បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ ឆ្នាំទៀត ឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ចៀសហានិភ័យអចលនទ្រព្យ

22 ខែ តុលា ឆ្នាំ 2019, 19:09

Kim Heang talking at the Realestate.com.kh expo 2019

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិន អ្នកជំនួញ និងជនជាតិចិនជាច្រើនបានសម្រុកចូលមកលេង រស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលកត្តានេះបានជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងគំហុក។ 

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ឯកឧត្តម គៀត ចាន់ថារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាមកត្រឹមខែ កក្កដា ឆ្នាំ២០១៩ មានជនជាតិចិនប្រមាណជា ២ លាននាក់បានចូលមកដល់ក្នុងប្រទេសកម្ពុជា​ ដែលក្នុងនោះចំនួន ២៥ ម៉ឺននាក់កំពុងរស់នៅ ធ្វើការ និងវិយោគនៅកម្ពុជា។ 

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Furi Times Square ​ដែល​បានចេញផ្សាយកាលពីពាក់កណ្តាលឆមាសទី២​ ឆ្នាំ២០១៨  កន្លងទៅបាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់ ​៤,០០០​ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ជាពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាលជាទី​តាំង​ដែល​មាន​សកម្មភាព​ទិញ​លក់​ខ្លាំង និង​ថ្លៃ​ខ្ពស់​ជាងគេ ពោលគឺ​មាន​តម្លៃ​ពី១,៥០០ ទៅ ២,៥០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ កាលពី​ឆ្នាំ២០១៥ ប៉ុន្តែ​ឆ្នាំ២០១៨ ​កើនឡើងឡើង​ដល់ ២,០០០ ដល់ ៤,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

របាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ចេញផ្សាយនៅឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថាតម្លៃនៅខេត្តព្រះសីហនុបានបន្ត កើនឡើងខ្ពស់គួឲ្យកត់សម្គាល់។ ក្នុងនោះដីសង្កាត់មួយកើនឡើងជិត ៦៥% រីឯសង្កាត់បីកើនឡើងជាង ៩០% ធៀបនឹងឆមាសទី២​ ឆ្នាំ២០១៨។ 

ក្នុងរយៈពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទល្បែងឌីជីថល ឬកាស៊ីណូអនឡាញនៅ កម្ពុជា។ បន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិនរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក អាត់ បូនី បាន​ប្រាប់វិទ្យុ​អាស៊ីសេរី​កាលពីដើមខែ​កញ្ញា កន្លងទៅថា មាន​ជនជាតិ​ចិន​យ៉ាង​ហោច​ណាស់ ជិត ១២​ ម៉ឺន​នាក់​ហើយ​បានចាកចេញពីកម្ពុជាគិតដល់ត្រឹមថ្ងៃទី៥ ខែ​កញ្ញា​​ ឆ្នាំ២០១៩ ​នេះ។

អ្នកជំនាញសាទរចំពោះវិធានការបិទល្បែងអនឡាញ

ការបិទល្បែងអនឡាញ និងការហូរចេញនៃជនជាតិចិនបានក្លាយជាក្តីកង្វល់មួយ សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែអ្នកជំនាញក៏សាទរចំពោះវិធានការរបស់រដ្ឋាភិបាល ផងដែរ។ អ្នកជំនាញយល់ឃើញដូចៗគ្នាថា វិធានការរបស់រដ្ឋាភិបាលនេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អមួយ សម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់កម្ពុជាក្នុងរយៈពេលវែង។ 

ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh កាលពីដើមខែកញ្ញា លោកឧកញ៉ា នួន រិទ្ធី នាយកប្រតិបត្តិរ​បស់ក្រុម​ហ៊ុន Khmer Appraisal Foundation​ បាន​លើក​ឡើង​ថា៖ «​ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេស​ចរ​មក​លេ​ងល្បែង ស៊ីសង ​មិនមែនជា​អ្នកវិនិយោគទេ»។ លោក​ថា៖​«​​ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសង គឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះ​​យក​វិនិយោគិនល្អៗ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋ កិច្ចកម្ពុជាក្នុងរយៈពេលវែង»​។ 

ដូចគ្នានេះដែរ ថ្លែងនៅក្នុងពីព័រណ៍អចលនទ្រព្យឆ្នាំ ២០១៩​ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh កាលពីដើមខែតុលានេះ បណ្ឌិត គីម ហ៊ាង ជានាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ក៏មើលឃើញពីផលចំណេញរយៈពេលវែងសម្រាប់ សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យអចលនទ្រព្យ។ លោកថាការបញ្ឈប់ការភ្នាល់ល្បែងអនឡាញនឹង​ផ្តល់​ផល​ល្អ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ប្រកបដោយស្ថេភាព និងនិរន្តរភាព។

អចលនទ្រព្យរងផលប៉ះពាល់ បើបិទល្បែងអនឡាញភ្លាមៗ

ទីក្រុងសីហនុក្នុងតំបន់តោពីរ

ទោះយ៉ាងណា បណ្ឌិត គីម ហ៊ាង មើលឃើញថាក្នុងរយៈពេលខ្លី ការហូរចេញដ៏ច្រើននៃជនជាតិចិន ដែលបណ្តាលមកពីការបិទល្បែង អនឡាញនេះ នឹងធ្វើឲ្យប៉ះពាល់[ច្រើន]ដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និងក្រុងបាវិត។

លោកបានបញ្ជាក់ថា អគារនៅក្នុងព្រះសីហនុ ដែលធ្លាប់ជួល ២ ម៉ឺនដុល្លារពីមុន ឥឡូវធ្លាក់ក្រោម ១ ម៉ឺនដុល្លារ (ប៉ុន្តែគ្មានអ្នកជួល) រីឯដីធ្លីធ្លាប់មានតម្លៃ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់មកត្រឹម ១៥០ ដុល្លារ។ 

សម្រាប់បញ្ហានេះ បណ្ឌិត គីម ហ៊ាង បានលើកឡើងថា ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ ចុះនៃវិស័យអចលនទ្រព្យគឺត្រូវបន្តការចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការស្រាប់ក្នុងពេលបច្ចុប្បន្នឲ្យបានរយៈពេលមួយឆ្នាំទៀត។  នេះមានន័យថា សម្រាប់ក្រុមហ៊ុន កាស៊ីណូ ដែលមានអជ្ញាប័ណ្ណកំពុងដំណើរការ និងកំពុងជួលអគារស្រាប់គួរត្រូវបានបន្តកិច្ចសន្យាមួយឆ្នាំទៀត ចំណែកបើមានអជ្ញាប័ណ្ណ តែមិនធ្វើប្រតិបត្តិការត្រូវដកយកវិញ ហើយរដ្ឋក៏នឹងមិនផ្តល់អជ្ញាប័ណ្ឌដល់ក្រុមហ៊ុនថ្មីទៀតដែរ។ លោកជឿថា ការធ្វើបែបនេះអាចធ្វើឲ្យស្ថានភាពទីផ្សារអចលនទ្រព្យ [ការទិញលក់-ជួល ការសាងសង់ជាដើម] មានលំនឹងជាធម្មតា។ 

ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ឃើញថាការបិទល្បែងអនឡាញអាចផ្តល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើវិស័យអចលនទ្រព្យ។ លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CPL បានលើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យដែរថាយើងមិនគួរមានក្តីបារម្ភ ខ្លាំងពេកនោះទេចំពោះការបិទល្បែងអនឡាញ [ពិសេសនៅខេត្តព្រះសីហនុ] ដោយសារទីផ្សារអចលនទ្រព្យកម្ពុជាមិនផុយស្រួយ ដោយសារការចាកចេញនៃជនជនជាតិចិនពីកម្ពុជានោះទេ។ ផ្ទុយទៅវិញ ការធ្វើនេះគឺដើម្បីស្ថេរភាពនៃវិស័យអចលនទ្រព្យរយៈពេលយូរ។» 

ឧកញ៉ា ចេង ខេង បានបន្តថា “រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍខេត្ត ព្រះសីហនុ”។ បើតាមការអះអាង ក្រុមអ្នកជំនាញសភាពាណិជ្ជកម្មដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងលោក ឧកញ៉ា លី ហួរ ជាសហប្រធាន បានក៏មានរៀបក្រុមការងារ​ ត្រួតពិនិត្យ ដែលបានជជែកជាមួយភាគីរដ្ឋាភិបាលក្នុងការកំណត់ និងវាយតម្លៃហានិភ័យ និងបញ្ហានានាដែលអាចកើតមាននៅខេត្តព្រះសីហនុ។ ជាលទ្ធផល ដោយសារសំណង់អគារ នៅខេត្តព្រះសីហនុកំពុងមានដំណើរការសាងសង់យ់ាងមមារញឺក ចំណែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនទាន់សាងសង់រួចរាល់ផងនោះ ដែលទាំងនេះវាបានបង្ករឲ្យមានបញ្ហា ភាពគ្មានសណ្ឋាប់ធ្នាប់ និងសុវត្ថិភាពជាដើម ដល់ការរស់នៅរបស់ប្រជាជន។ បើតាមការពិភាក្សា ទិសដៅបន្ទាប់ រដ្ឋាភិបាលនឹងត្រូវរៀបចំឲ្យមានលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងខេត្តព្រះសីហនុសម្រាប់អ្នកក្នុងស្រុក។​

សូមបញ្ជាក់ដែរថា​ បើយោងតាមស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បាន​ប្រាប់សារព័ត៌មានក្នុងស្រុក VOD​ ​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩​ ថា​ អាជីវកម្មស្ទើរតែ ៩០% នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន​ ​ដែលរាប់ចាប់តាំងពី​ផ្ទះសំណាក់​ សណ្ឋាគារ​ ហាង​ម៉ាស្សា​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ជាដើម។ បច្ចុប្បន្នក្រុងព្រះសីហនុមានសណ្ឋាគារ​ និង​ផ្ទះសំណាក់​ចំនួន​ ១៥៦ ទីតាំង កាស៊ីណូ​ចំនួន​ ៦២ ​ ​ក្លឹប​កម្សាន្តចំនួន ៤៨ ​ហាងខារ៉ាអូខេ​ចំនួន ៤១  ហាង​ម៉ាស្សា​ចំនួន ៤៦ និងភោជនីយដ្ឋាន​​ ៤៣៦ ទីតាំង៕

ស្វែងរកឬចង់ទិញអចលនទ្រព្យនៅកម្ពុជាអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់

ចំនូលចិត្ត

Please fill personal info before saving favourites. Open Profile Settings.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ។

ពួកយើងអាចជួយអ្នកបាន!
សូមចូលគណនី ដើម្បីបំពេញរាលតម្រូវការរបស់លោកអ្នក ពេលនោះ ភ្នាក់ងារអចលនទ្រព្យ នឹងទំនាក់ទំនងមកវិញ.

ចូលគណនី