+855 92 92 1000
Logo
ហេតុផលធំៗចំនួន ១០ ដែលអ្នកគួរពិចារណាទិញខុនដូ
Updated on: June 7, 2022, 3:35 a.m.
Published on: March 12, 2019, 11:28 a.m.

ហេតុផលធំៗចំនួន ១០ ដែលអ្នកគួរពិចារណាទិញខុនដូ


យោងតាមរបាយការណ៍ចុងក្រោយរបស់ CBRE Cambodia បង្ហាញាថាត្រឹមត្រីមាសទី៤ ឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញទាំងមូលមានខុនដូសរុបទាំងអសចំនួន ១៧៩៩៥ យូនីត កើនឡើងចំនួន ២៧ % បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដែលពេលនោះមានគម្រោងខុនដូចំនួន ៥៧​ បានបញ្ចប់ដែលមានយូនីតសរុបទាំងអស់១៤១៧៩។

ថ្វីបើការរស់នៅក្នុងខុនដូជាបរិបទថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន។ ប្រជាជនកម្ពុជាភាគច្រើនហាក់មិនទាន់បានស្វែងយល់ស៊ីជម្រៅនៅឡើយពីផលចំណេញនៃការ​រស់នៅក្នុងខុនដូ ឬអាចនិយាយបានថា ពួកគាត់នៅមានទំនោរច្រើនទៅលើលំនៅដ្ឋានក្នុងបុរី ឬ សង់ជាប់ផ្ទាល់ដី។

១. មានពេលវេលាច្រើនក្នុងការបំពេញការងារ

ការរស់នៅក្នុងខុនដូអាចជួយសន្សំពេលវេលាបានច្រើនសម្រា​ប់អ្នកដែលត្រូវការពេលច្រើនក្នុងការបំពេញការងារ។ សន្សំពេលវេលាគឺសំដៅដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការចំណាយពេលតិចបំផុតរវាងកន្លែងធ្វើការ និងកន្លែងរស់នៅ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ភាគច្រើននៃយុវជនក្នុងវ័យពី២៥ទៅ៤០​ឆ្នាំមានបំណងចង់ពង្រឹងសមត្ថភាព និងពង្រីកមុខជំនួញរបស់ពួក។ ការរស់ក្នុងតំបន់កណ្ដាលទីក្រុងអាចជួយពួកគេឲ្យសម្រេចគោលដៅទាំងនេះបាន។

២. មិនរវល់ធ្វើការងារផ្ទះច្រើន

ជាធម្មតាយូនីតខុនដូមានទំហំតូចៗ និងមិនមានទីធ្លាខាងក្រៅដែលទាមទារការសម្អាតនោះទេ។ រស់នៅក្នុងខុនដូអ្នកនឹងចំណាយពេលតិចបំផុតសម្រាប់ការសំអាតទូទៅ។ ម្យ៉ាងទៀតអគារខុនដូជាច្រើនមានផ្ដល់សេវាសំអាត ទឹកស្អាត និងអគ្គិសនី។ ដូច្នេះអ្នកអាចមានពេលវេលាច្រើន សម្រាប់ខ្លួនឯង ឬធ្វើអ្វីមួយដែលអ្នកពេញចិត្ត។

៣. ប្រមូលផ្តុំដោយសេវាកម្មស​ម្បូរបែប

ខុនដូត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូននូវជីវិតរស់នៅទាន់សម័យ ភាពងាយស្រួល​ និងមានផាសុកភាព។ ឆ្លើយតបនឹងចំណុចទាំងនេះ គម្រោងខុនដូបានភ្ជាប់មកជាមួយសេវាកម្មចម្រុះផ្សេងៗនៅក្នុងអគារស្រាប់ដើម្បីបំពេញទៅតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋាន ដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សូណា ​អាងហែលទឹក និងប្រព័ន្ធការពារសន្តិសុខ​ ដូចជា៖ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធប្រកាសអាសន្ន និង សន្តិសុខ ដើម្បីផ្ដល់ទំនុកចិត្ត និងអារម្មណ៍មានសុវត្ថិភាពទៅដល់អ្នករស់នៅក្នុងអគារទាំងមូល។

៤. ផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍

ការរស់នៅមានអ្នកជិតខាងគឺពិតជាសំខាន់ខ្លាំងណាស់ ដោយសារពួកគេអាចជួយទុកធុរៈអ្នកបាន ពេលមានអាសន្ន ឧទាហរណ៍ប្រសិនបើអ្នកភ្លេចយកសោរមកតាមខ្លួន ពួកគេអាចជួយឲ្យអ្នកចូលទៅក្នុងអគារខុនដូបាន។ ម្យ៉ាងទៀតពួកគេក៏អាចក្លាយជាមិត្តជិតស្និតរបស់ អ្នក ធ្វើសកម្មភាពផ្សេងៗជាមួយគ្នាដូចជា ញ៉ាំអាហារ និងជជែកគ្នាលេងនាចុងសប្ដាហ៍។ ការរស់នៅក្នុងខុនដូផ្ដល់ឳកាសឲ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតរស់នៅក្នុងអគារជាមួយគ្នា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូចរស់នៅក្នុងសហគមន៍មួយ។

៥. បង្កភាពងាយស្រួលច្រើនដោយសារមានទីតាំងល្អ

អគារខុនដូភាគច្រើនត្រូវបានសាងសង់នៅតំបន់កណ្តាលក្រុង ដែលបង្កភាពងាយស្រួលគ្រប់បែបយ៉ាង។ ក្នុងនោះដែរការធានាផ្តល់ជូននូវសេវាកម្មចាំបាច់នានាជាកត្តាសំខាន់ដែលអាចធ្វើឲ្យប្រាកដថាអ្នករស់នៅក្នុងខុនដូនឹងមិនចំណាយពេលច្រើនក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ ហាងកាហ្វេ​ ឬសាលារៀន ជាដើម។ ជាក់ស្តែង ជុំវិញគម្រោងខុនដូនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ឬក្រុងព្រះសីហនុតែងស្ថិតនៅទីតាំងប្រមូលផ្តុំ ​ដោយសេវាកម្មសំខាន់ដូចជា៖ សាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្រ ស្ថាប័នរដ្ឋ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ការិយាល័យ និងអគារពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។

៦. ទិញខុនដូចំណេញជាងជួលផ្ទះប្រណីត

ការទិញខុនដូជាជម្រើសល្អមួយ ជាងការជួលផ្ទះប្រភេទប្រណីតសម្រាប់ការស្នាក់នៅ​ ដោយហេតុថា​តម្លៃ ជួលប្រចាំខែនៃផ្ទះប្រភេទនេះ មានតម្លៃខ្ពស់ជាង ឬប្រហាក់ប្រហែលជាមួយថ្លៃ បង់រំលស់ខុនដូប្រចាំខែរួចទៅហើយ។ ជាក់ស្តែង ប្រសិនបើអ្នកជួលវីឡាភ្លោះ អ្នកត្រូវចំណាយពី ១,៥០០​ដុល្លារ ទៅ ២,០០០ ដុល្លារក្នុងមួយខែ ដែលតម្លៃនេះខ្ពស់ជាងការបង់ថ្លៃរំលស់ខុនដូប្រចាំខែទៅទៀត។

៧. អត្រានៃការជួលត្រឡប់ខ្ពស់

ខុនដូផ្តល់ជូនផលចំណេញខ្ពស់តាមរយៈ ២ រូបភាព។ ទី១៖ ការជួលត្រឡប់ និងទី២៖ ការកើនឡើងថ្លៃដើម ។ ខុនដូអាចដាក់ជួលបានតម្លៃខ្ពស់ជាង ២ ទៅ ៣ ដងប្រៀបធៀបទៅនឹងផ្ទះជាប់ដី ពោលគឺអាចជួលបានពី ៥០០ ដុល្លារ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ អាស្រ័យទៅតាមទីតាំងផ្សេងៗគ្នានៅក្នុងតំបន់កណ្តាលក្រុង។​ អត្រាជួលប្រចាំឆ្នាំអាចទទួលបានពី ៨ ទៅ ១០ ភាគរយក្នុងមួយឆ្នាំ។

៨. ចំណាយលើថ្លៃជួលជុលតិច

ខុនដូមិនទាមទារការជួសជុលច្រើន ដូចប្រភេទផ្ទះផ្សេងៗទៀតនោះទេ។ ក្នុងករណីដែលតម្រូវឲ្យមានការ ជួសជុលបន្ដិចបន្ដួច ក្រុមហ៊ុនគ្រប់គ្រងអគារនោះនឹងធ្វើជូនអ្នក ឬ ករណីខ្លះអ្នកត្រូវតម្រូវឲ្យបង់ថ្លៃជួស ជុលបន្ដិចបន្ដួចតែប៉ុណ្ណោះ។

៩. យូនីតខុនដូមានតម្លៃសមរម្យ

យូនីតខុនដូមួយចំនួននៅមានតម្លៃទាប បើធៀបជាមួយនឹងប្រភេទផ្ទះសង់ផ្ទាល់ជាប់ដី។ ខុនដូនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងរាជធានីភ្នំពេញនៅមានតម្លៃសមរម្យបើ ប្រៀបធៀបជាមួយទីក្រុងផ្សេងៗនៅក្នុងតំបន់។ អ្នកអាចរកទិញខុនដូមានបន្ទប់គេងមួយដោយមានតម្លៃចាប់ពី ៦​ម៉ឺនដុល្លារ ឬ ថ្លៃជាងនេះទៀតចាប់ពី ១០ម៉ឺនដុល្លារឡើងសម្រាប់ខុនដូមានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលទីក្រុង ឬ ក្នុងខណ្ឌមួយចំនួន ដូចជា ចំការមន​ ដូនពេញ និងជ្រោយចង្វារ។

១០. ភាពបត់បែន

ខុនដូផ្តល់ជូនភាពងាយស្រួល និងភាពបត់បែនក្នុងការរស់នៅ បើប្រៀបធៀបជាមួយផ្ទះសង់ជាប់ផ្ទាល់ដី។ ដំណើរកានៃការទិញខុនដូមានភាពឆាប់រហ័សជាង ហើយអ្នកអាចមានជម្រើសច្រើនជាមួយការផ្ដល់ជូននូវតម្លៃផ្សេងៗគ្នា។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

បុគ្គលិក realestate.com.kh

Comments