+855 92 92 1000
Logo
តម្លៃដីនៅសៀមរាបនៅទ្រឹងមួយកន្លែងមុនការបោះឆ្នោតជាតិខិតជិតចូលមកដល់
Updated on: June 6, 2022, 5:03 p.m.
Published on: September 16, 2017, 5:32 p.m.

តម្លៃដីនៅសៀមរាបនៅទ្រឹងមួយកន្លែងមុនការបោះឆ្នោតជាតិខិតជិតចូលមកដល់


ល្បីល្បាញដោយសារប្រសាទអង្គរវត្ត ខេត្តសៀមរាបកំពុងតែក្លាយជាទិសដៅវិនិយោគអចលនទ្រព្យដ៏ពេញនិយមមួយនៅប្រទេសកម្ពុជាដោយសារតែភាពទាក់ទាញនៃវិស័យទេសចរណ៍ និងតម្លៃដីទាបធៀបនឹងតម្លៃនៅទីក្រុងភ្នំពេញ។ យ៉ាងណាក៏ដោយការបោះឆ្នោតជាតិនៅឆ្នាំក្រោយហាក់ដូចជាកំពុងធ្វើអោយការជួញដូរអចលនទ្រព្យនៅទ្រឹងមួយកន្លែងក្នុងទីផ្សារខេេត្តសៀមរាបដែលជាទីផ្សារអចលនទ្រព្យគ្រប់ដណ្ដប់ដោយអ្នកទិញ និងជួលជនជាតិបរទេស។

លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate មានប្រសាសន៍ថាតម្លៃដីនៅសៀមរាបនៅមានតម្លៃទាបនៅឡើយបើធៀបនឹងតម្លៃនៅភ្នំពេញ។ តម្លៃដីនៅសៀមរាបមិនមានការកើនឡើងទេនៅពេលបច្ចុប្បន្ន ជាមួយនឹងតម្លៃដីជាមធ្យមស្ថិតនៅចន្លោះពី ៣៥០ ទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយតម្លៃដីថ្លៃបំផុតនៅសៀមរាបស្ថិតនៅម្ដុំផ្សារចាស់ដែលមានតម្លៃស្រដៀងគ្នានឹងតម្លៃនៅភ្នំពេញដែលមានតម្លៃចាប់ពី ៣,០០០ ទៅ ៥,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក Mario បានលើកឡើងថា ការជួញដូរអចលនទ្រព្យនៅឆមាសទីមួយឆ្នាំ២០១៧ធ្លាក់ចុះ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប និងអន្តរជាតិ។ តម្លៃដីនៅនឹងថ្កល់នៅសៀមរាបដោយសារតែការធ្លាក់ចុះការជួញដូរអចលនទ្រព្យនៅក្នុងខេត្តមួយនេះ។

មានទស្សនៈដូចលោក Mario ដែរ លោកសុខ សារ៉ាត់ នាយកគ្រប់គ្រងគេហទំព័រ SiemReapLandhouse.com មានប្រសាសន៍ថាតម្លៃដីនៅសៀមរាបមិនកើនមិនថយប្រហែលជាដោយសារតែភាពមិនច្បាស់លាស់មុនពេលកាបោះឆ្នោតជាតិខាងមុខ។ ទាក់ទងនឹងទីផ្សារជួលជាពិសេសទីផ្សារផ្ទះល្វែង និងខុនដូ វាកំពុងកើនឡើងខ្លាំងប៉ុន្តែតម្លៃមានការធ្លាក់ចុះដោយសារតែការផ្គត់ផ្គង់មានច្រើនជាងតម្រូវការនៅពេលបច្ចុប្បន្នតម្លៃជួលបានធ្លាក់ចុះពី៤០០ទៅ៣០០ដុល្លារក្នុងមួយខែ។

ស្របពេលជាមួយគ្នា លោក Michael Kean នាយកប្រតិបត្តិក្រុមហ៊ុន Solina Realty Consulting មានប្រសាសន៍ថាតម្លៃដីនៅសៀមរាបមានតម្លៃចាប់ពី១១០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅជុំវិញផ្លូវក្រវាត់ក្រុងទៅ៧០០ដុល្លារ ស្ថិតនៅជាប់ក្រុង។ តម្លៃដីនៅផ្សារចាស់មានតម្លៃខ្ពស់ជាងគេចាប់ពី ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។

សម្រាប់លោក Kean ដីទំនេរនៅក្នុងក្រុង និងស្ថិតនៅចម្ងាយ ២៥ គីឡូម៉ែត្រពីក្រុងនៅក្នុងតំបន់ដូចជាបន្ទាយស្រីជាកន្លែងដែលមានអ្នកទេសចរណ៍មកលេងច្រើនគឺជាឳកាស វិនិយោគដ៏ល្អសម្រាប់ធ្វើការវិនិយោគក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ន។

សម្រាប់វិនិយោគិនចង់វិនិយោគលើអចលនទ្រព្យនៅសៀមរាបអ្នកជំនាញនៅក្នុងវិស័យនេះលើកឡើងថាសាលាកំរើកគឺជាតំបន់កំពុងអភិវឌ្ឍន៍ និងមានសក្ដានុពលនៅពេលបច្ចុប្បន្ន ដែលមានតម្លៃដីនៅទាបនៅឡើយ។

លោក​ Mario លើកឡើងថាវិនិយោគិនដែលឆ្លាតមិនគួរវិនិយោគលើអចលនទ្រព្យដែលមានតម្លៃថ្លៃនោះទេព្រោះវាមានការលំបាកក្នុងការលក់វិញដើម្បីបានចំណេញ។ សាលាកម្រើកគឺជាតំបន់កំពុងអភិវឌ្ឍន៍ និងមានសក្ដានុពលដែលមានតម្លៃដីសមរម្យគឺស្ថិតនៅចន្លោះពី ២៥០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅជិតផ្លូវជាតិ។ តំបន់នេះស្ងប់ស្ងាត់ មានទេសភាពស្រស់ស្អាត និងផ្លូវល្អព្រមទាំងមានសាលាអន្តរជាតិ ដែលទាំងនេះបង្ករភាពងាយស្រួលសម្រាប់ការស់នៅក្នុងតំបន់នេះ។

ទេសចរណ៍គឺជាកម្លាំងជម្រុញដ៏សំខាន់នៃការវិនិយោគលើអចលនទ្រព្យនៅសៀមរាប។ ចំនួនភ្ងៀវទេសចរណ៍បន្តកើនឡើងជារៀងរាល់ឆ្នាំជាមួយនឹងរបាយការណ៍ថ្មីៗរបស់ក្រុមហ៊ុន Angkor Enterprise បង្ហាញពីការកើនឡើងចំនួនភ្ងៀវទេសចរណ៍១៣ភាគរយនៅឆមាសទីមួយឆ្នាំ២០១៧ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក សារ៉ាត់ បន្ថែមថាអចលទ្រព្យពេញនិយមជាងគេសម្រាប់វិនិយោគនៅសៀមរាបគឺវិស័យសណ្ឋាគារ។ វិនិយោគិនជាពិសេសវិនិយោគិនចិនចូលចិត្តវិនិយោគលើសណ្ឋាគារដើម្បីបម្រើដល់ចំនួនភ្ងៀវទេសចរណ៍ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ សណ្ឋាគារមួយដែលមាន៤០បន្ទប់អាចជួលក្នុងតម្លៃ ៦,០០០ ដុល្លារក្នុងមួយខែ។

យោងតាមការស្រាវជ្រាវផ្នែកសណ្ឋាគារថ្មីៗនេះដោយក្រុមហ៊ុន Bonna Realty Group ចំនួនបន្ទប់សណ្ឋាគារនៅសៀមរាបបន្តកើនឡើងនៅឆមាសទីមួយឆ្នាំ២០១៧បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការសិក្សាស្រាវជ្រាវរកឃើញថា​ សណ្ឋាគារផ្កាយ៣នៅសៀមរាបកើនឡើងពី ៥,៩៨៧ បន្ទប់កាលពីខែមិថុនាមុនដល់ចំនួន៦,៧០៩បន្ទប់ចាប់ពីខែមិថុនាឆ្នាំ២០១៧។ សណ្ឋាគារផ្កាយ៤កើនឡើងពី ៨,១៣២ បន្ទប់ដល់ ៨,៩៦២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នានេះសណ្ឋាគារផ្កាយ៥បានថយចុះពី ៦, ៦៩៩បន្ទប់ ដល់ ៦,១៣១បន្ទប់។ គេរំពឹងថាតម្លៃដីនៅសៀមរាបនឹងកើនឡើងសារជាថ្មីបន្ទាប់ពីការបោះឆ្នោតជាតិដោយវិនិយោគិនចិននឹងចាក់បញ្ចូលលុយកាន់តែច្រើនដើម្បីជម្រុញវិស័យអចលនទ្រព្យទាំងមូលក្នុងខេត្តសៀមរាប និងកន្លែងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

លោក Mario មានសុទិដ្ឋិនិយមថាអាជីវកម្មជាទូទៅរួមមានវិស័យអចលនទ្រព្យផងនៅក្នុងខេត្តសៀមរាបនឹងលូតលាស់ខ្លាំងក្រោយការបោះឆ្នោត។ លោក Mario និយាយថា យើងអាចមើលពីឩទាហរណ៍នៃការបោះឆ្នោតលើកមុន។ ការជួញដូរអចលនទ្រព្យមុនពេលបោះឆ្នោតបានធ្លាក់ចុះបន្ទាប់មកបានកើនឡើងវិញក្រោយការបោះ ឆ្នោតជាតិ។

រាជរដ្ឋាភិបាលរបស់យើងមានទំនាក់ទំនងល្អជាមួយចិន ហើយវិនិយោគិនចិននឹងចាក់បញ្ចូលលុយកាន់តែច្រើនចូលក្នុងវិស័យអចលនទ្រព្យទាំងនៅក្នុងខេត្តសៀមរាប និងខេត្តផ្សេងទៀត ដូចជាខេត្តព្រះសីហនុ និងកំពតជាដើម។ លោក Mario បន្ថែមទៀតថានឹងមានផ្សារទំនើបធំៗពីរនៅខេត្តសៀមរាបក្នុងពេលឆាប់ៗ។ ផ្សារទំនើបនេះនឹងទាក់ទាញភ្ងៀវទេសចរណ៍អោយចំណាយលុយកាន់តែច្រើននៅក្នុងខេត្តដែលនេះជាការរួមចំណែកចំពោះការជម្រុញសេដ្ឋកិច្ចក្នុងស្រុក។ សេដ្ឋកិច្ចក្នុងស្រុកក្លៀវក្លាគឺជាសញ្ញា វិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៅក្នុងខេត្តសៀមរាប។

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅក្នុងខេត្តសៀមរាប លើគេហទំព័រ Realestate.com.kh

Click here to subscribe

Comments