+855 92 92 1000
Logo
គម្រោងផ្ទះលម្ហែកាយតាមបណ្តាខេត្តកំ​ពុង​ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកក្នុងស្រុក
Updated on: June 6, 2022, 5:01 p.m.
Published on: December 2, 2019, 11:15 a.m.

គម្រោងផ្ទះលម្ហែកាយតាមបណ្តាខេត្តកំ​ពុង​ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកក្នុងស្រុក


(រូបភាពនៃគម្រោងវីឡាប្រណិតមួយស្ថិតនៅជាប់មាត់ព្រែកនៅក្នុងខេត្តកំពត)

ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យនៅកម្ពុជាកំពុងពង្រីកប្រភេទអាជីវកម្មរបស់ខ្លួនពី​ការ​សាង​សង់​ គម្រោង​លំ​នៅដ្ឋាន​ក្នុង​ក្រុង​ទៅជា​​លំនៅដ្ឋានបែបវិស្សមកាល សម្រាប់ការលម្ហែកាយនៅ​តាម​ខេត្ត​សក្តានុ​ពល​ ដោយសារកំណើន​តម្រូវការ​ផ្ទះស្នាក់នៅ​បែប​វិស្សមកាល ផ្ទះលម្ហែកាយ ឬផ្ទះទី២នេះ មានការពេញនិយមពីប្រជាជនដែល​មានចំណូលខ្ពស់។

និន្នាការនៃផ្ទះលម្ហែការបែបឯកជន

លោក ឌុយ បញ្ញារ៉េត  ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនអចលនទ្រ្យ Century 21 Cambodia បាន​លើក​ឡើង​ថា​ បើ​ទោះ​បី​ជា​​​កន្លង​មក​មាន​ការ​អភិវឌ្ឍន៍​សណ្ឋាគារ និងរមណីយដ្ដ្ឋានដែលផ្តោតលើទេសចរណ៍ធម្មជាតិបែបចម្រុះ ឬហៅកាត់ថា​ Eco-tourism តែ​​ប្រជាជនកម្ពុជាដែលមានចំណូលខ្ពស់ជាច្រើន​​ចាប់ផ្តើមចង់មាន​​ផ្ទះលម្ហែកាយផ្ទាល់​ខ្លួន​​​ជាជាងការជួលសណ្ឋាគារ ឬរមណីយដ្ដ្ឋាន ហើយពួកគេអាចមានសមត្ថភាពនឹងចំណាយទៅលើអច​លន​ទ្រព្យទាំងអស់នោះ។

លោក បញ្ញារ៉េត  មានប្រសាសន៍ថា៖«ខេត្តកំពតមានសក្តានុពលខ្ពស់ណាស់​»។ លោក​លើក​ឡើង​ដូច​នេះ​ស្រប​ពេល​​ថ្មីៗនេះក្រុមហ៊ុនរបស់លោក បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​តំណាងឲ្យ ការលក់វីឡាប្រណIតនៅតំបន់នោះផងដេរ។ លោកថា៖«មានរមណីយដ្ដ្ឋានជាច្រើន ប៉ុន្តែភាគច្រើនគឺសម្រាប់ការជួលសម្រាប់វិស្សមកាល។ គោលដៅរបស់យើងឥឡូវនេះគឺផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសក្នុងការទិញវីឡាវិស្សមកាល»។

លោកបន្ថែមថា ផ្ទះវីឡាមួយមានតម្លៃប្រហែល ១៧ ម៉ឺនដុល្លារ និងត្រូវបានតម្រង់ឆ្ពោះទៅរកទីផ្សារថ្នាក់កណ្តាល និងថ្នាក់ខ្ពស់។ លោកបញ្ញារ៉េតបន្ថែមថា៖«យើងឃើញថាមាន​ចំនួនប្រជាជនកម្ពុជាច្រើន​បាន​ចេញទៅក្រៅប្រទេស ដើម្បីស្វែងរកកន្លែងវិស្សមកាលនៅពេលថ្ងៃឈប់សម្រាក ដោយសារតែមិនមានមានកន្លែងកម្សាន្តសម្រាប់ទៅលម្ហែកាយច្រើននៅកម្ពុជា។ 

ប៉ុន្តែលោកជឿថា៖«ឆាប់ៗនេះខេត្តកំពតនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ថ្ងៃសម្រាកលម្ហែកាយ»។

ទីតាំងដែលពេញនិយមសម្រាប់វីឡាទាំងនេះ​គឺនៅក្បែរភ្នំ ដោយហ៊ុំព័ទ្ធជុំវិញដោយព្រៃប្រឹក្សា​។ វីឡាដែលមានទីតាំងស្ថិតនៅទីតាំងទាំងនេះ នឹងផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលនៃទេសភាពពណ៌បៃតងស្រស់ស្អាតធ្វើឱ្យវាក្លាយជាកន្លែងសម្រាកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ និងអ្នកដែលចង់ងាកចេញពីទីក្រុងដ៏មមាញឹក។

ខេត្តសក្តានុពលដល់វិស័យលំនៅដ្ឋានបែបលម្ហែកាយ

(ព្រៃឈើ និងព្រែកនៅក្នងគម្រោងវីឡាលម្ហែកាយប្រណិតនៅក្នុងខេត្តកំពត)

ក្នុងចំណោមខេត្តទាំង ២៥ នៃប្រទេសប្រទេសកម្ពុជា ខេត្តនីមួយៗបានផ្តល់ជូននូវអ្វីដែលប្លែកដែលអ្នកអភិវឌ្ឍន៍ចង់រំលេចឲ្យឃើញ។ បច្ចុប្បន្ននេះខេត្តសៀមរាបកំពុងឈានមុខគេលើរមណីយដ្ដ្ឋានអេកូទេសចរណ៍ ព្រោះថាប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញភ្ញៀវទេសចរកំពូលៗ រួចទៅហើយ។ គម្រោងរមណីយដ្ដ្ឋានអេកូទេសចរណ៍ ក៏បានចាប់ផ្តើមនៅខេត្តកំពត កែប កោះកុង រតនគិរី មណ្ឌលគីរី កំពង់ស្ពឺ និងខេត្តព្រះសីហនុផងដែរ។

ខេត្តដែលមានភ្ញៀវទេសចរទៅលេងច្រើនបន្ទាប់ពីខេត្តក្រុងសៀមរាបគឺខេត្តព្រះសីហនុ។ វត្តមាននៃអាកាសយានដ្ដ្ឋានអន្តរជាតិមួយនៅក្នុងទីក្រុងធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេស​។​

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ក្នុងខេត្តកំពតបានមានប្រសាសន៍ថាគំនិតនៃការអភិវឌ្ឍវីឡាវិស្សមកាល និងលក់ទៅអ្នកទិញម្នាក់ៗ គឺមាននិន្នាការកើនឡើង ហើយនឹងមានអ្នកអភិវឌ្ឍន៍ផ្សេងទៀតនៅពេលអនាគត។ លោក កត់សម្គាល់ថា មានវិនិយោគិនជាច្រើនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងគម្រោងស្រដៀងគ្នានៅក្នុងខេត្តនេះ។

លោក ស៊ីណុលថា៖«សក្តានុពលរបស់ខេត្តកំពត គឺជាទីកន្លែងលម្ហែកាយសម្រាប់ប្រជាជន កម្ពុជា និងភ្ញៀវទេសចរបរទេស ដោយសារតែលក្ខណៈភូមិសាស្រ្តរបស់ខ្លួនដែលជាខេត្តឆ្នេរសមុទ្រ»។ លោកបន្តថា៖​«​ខេត្តកំពត មានលក្ខណៈពិសេសពីធម្មជាតិជាច្រើនដូចជាខ្យល់សមុទ្រ សម្រស់​ព្រៃបៃតង និងភ្នំបូកគោ។ យើងគាំទ្រដែលប្រជាជនកម្ពុជាដែលទិញផ្ទះស្នាក់ទី២ នៅខេត្តកំពត ហើយយើងនឹងគាំទ្រដល់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលនឹងបន្តគម្រោងបែបនេះនៅទីនេះ” ។

ផ្ទះលម្ហែកាយចាប់ផ្តើមក្នុងដំណាក់កាលដំបូង

លោក ច្រឹក សុខនីម នៅក្នុងកិច្ចប្រជុំ(លោកច្រឹក សុខនីម នៅក្នុងកិច្ចប្រជុំនៅសហរដ្ឋអាមេរិក)

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានយល់ស្របថាគំនិតនៃការអភិវឌ្ឍផ្ទះវិស្សមកាលនេះ គឺជានិន្នាការថ្មីដែលកំពុងមានសន្ទុះ នៅក្នុងប្រទេសកម្ពុជាប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វានៅតែស្ថិតក្នុងដំណាក់កាលដំបូង នៅឡើយ។

លោកថា៖«កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។ បន្ទាប់ពីពួកគេមានផ្ទះផ្ទាល់ខ្លួនពួកគេនឹងចាប់ផ្តើមពិចារណា ពីអចលនទ្រព្យសម្រាប់ការចូល និវត្តន៍ការលម្ហែកាយ និងការសំរាកលម្ហែរបស់ពួកគេ»។

ខេត្តកំពត ព្រះសីហនុ កោះកុង និង កែប គឺជាទីតាំងគោលដៅថ្មីសម្រាប់អ្នកអភិវឌ្ឍន៍ដែលកំពុងស្វែងរកទីផ្សារផ្ទះថ្ងៃឈប់សម្រាក។ លោកបានបន្ថែមថានៅពេលអនាគតអចលនទ្រព្យប្រភេទនេះនឹងទទួលបានតម្រូវការកាន់តែច្រើនក្នុងចំណោមប្រជាជនកម្ពុជា។

បើយោងតាមលោកសុខនីម អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគវិស្សមកាល និងអចលនទ្រព្យបែបលម្ហែកាយ ដែលជាទូទៅផ្តោតលើវីឡា ដែលមានទីតាំងស្ថិតនៅតំបន់មាត់សមុទ្រ និងជួរភ្នំ​ ដែលមានលក្ខណៈធម្មជាតិ។ ផ្ទះវីឡានៅតំបន់ទាំងនេះជាធម្មតាមានតម្លៃចន្លោះពី ១៥០,០០០ ដុល្លារទៅ ២៥០,០០០ ដុល្លារ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា នៅថ្ងៃនេះ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

CREA TICKET

អត្ថបទដោយ 


Comments