+855 92 92 1000
Logo
  ផ្សារទំនើបធំជាងគេបង្អស់នៅសៀមរាបជិតសង់រួចរាល់ហើយ
Updated on: June 7, 2022, 6:20 a.m.
Published on: October 19, 2017, 5:31 p.m.

ផ្សារទំនើបធំជាងគេបង្អស់នៅសៀមរាបជិតសង់រួចរាល់ហើយ


The Heritage Walk ដែលជាផ្សារទំនើបធំជាងគេក្នុងគ្រាបច្ចុប្បន្ននៅខេត្តសៀមរាបសាងសង់រួចរាល់បាន៨០ភាគរយហើយ។​ ផ្សារទំនើបនេះនឹងផ្ដល់ជម្រើសកាន់តែច្រើនជាងមុនចំពោះការដើរផ្សារ និងការកំសាន្តសម្រាប់អ្នកស្រុកសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅពេលដែលវាសាងសង់រួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០១៨ខាងមុខនេះ។

The Heritage Walk ដែលនឹងបន្ថែមទៅលើផ្សារទំនើបខ្នាតតូចមួយចំនួនដូចជា Lucky Mall និង Angkor Trade Centre នឹងមានហាងប្រហែល១០០រួមមានភោជនីយដ្ឋាន ហាងកាហ្វេ និងរោងកុន។

ស្ថិតនៅលើកាច់ជ្រុងផ្លូវជាតិលេខ៦ និងផ្លូវអ៊ុំឆាយនៅក្នុងស្រុកស្វាយដង្គុំខេត្តសៀមរាប The Heritage Walk ដែលត្រូវបានសាងសង់នៅលើផ្ទៃដី​១ហិកតានឹងបើកលក់នៅខែកុម្ភៈ និងបើកសម្ពោធជាផ្លូវការនៅខែមេសាឆ្នាំ២០១៨។

គម្រោងផ្សារ The Heritage Walk គឺជាដំណឹងល្អមួយសម្រាប់វិស័យអចលនទ្រព្យនៅខេត្តសៀមរាបផងដែរដោយភ្នាក់ងារអចលនទ្រព្យនៅក្នុងស្រុកបានបង្ញាញពីសុទិដ្ឋិនិយមចំពោះគម្រោងផ្សារថ្មីនេះ។

លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Hunter Estate មានប្រសាសន៍ថាផ្សារថ្មីនេះនឹងផ្ដល់ជម្រើសកំសាន្ត និងដើរផ្សារច្រើនជាងមុនដល់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ ហើយវានឹងទាក់ទាញពួកគេឱ្យចំណាយប្រាក់កាន់តែច្រើន និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។ ជាមួយនឹងផ្សារខ្នាតតូចមួយចំនួនដំណើរការប្រកបដោយជោគជ័យ The Heritage Walk ដែលនឹងក្លាយជាផ្សារទំនើបធំជាងគេនៅសៀមរាបនឹងមានឳកាសជោគជ័យច្រើននៅពេលដែលភ្ញៀវទេសចរណ៍សម្រុកមកទិញរបស់របរនៅក្នុងផ្សារមួយនេះ។

លោក Mario បន្ថែមថានេះជារឿងល្អសម្រាប់សេដ្ឋកិច្ចក្នុងស្រុកដោយសារថានឹងមានសកម្មភាពអាជីវកម្មកាន់តែច្រើននៅក្នុងខេត្តសៀមរាប។ ម្យ៉ាងទៀតប្រការនេះក៏នឹងជួយជម្រុញអ្នកវិនិយោគ ឱ្យមានទំនុកចិត្តខ្លាំងជាងមុនផងដែរនៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងខេត្តទេសចរណ៍មួយនេះ។

គួរកត់សម្គាល់ថាតម្លៃដីនៅសៀមរាបស្ថិតនៅទ្រឹងមួយកន្លែងនៅពេលបច្ចុប្បន្នមុនពេលបោះឆ្នោតជាតិខាងមុខជាមួយនឹងតម្លៃដីជាមធ្យមស្ថិតនៅចន្លោះ ៣៥០និង៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។គេសង្ឃឹមថាផ្សារទំនើប The Heritage Walk នឹងផ្ដល់ទំនុកចិត្តដល់វិនិយោគិនឱ្យងាកមកពិចារណាបោះទុនវិនិយោគនៅក្នុងខេត្តសៀមរាបដែលប្រការនេះអាចនឹងជួយជម្រុញតម្លៃដីធ្លីឱ្យកើនឡើង សារជាថ្មីឡើងវិញក្រោយពេលបោះឆ្នោតហើយ។

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅខេត្តសៀមរាបនៅលើគេហទំព័រ Realestate.com.kh

 

Comments